ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ហ្វ្រង់ស៊ីស រ៉យជឺ (Francois ROGER) នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មប្រទេសបារាំង ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (CIRAD) ពាក់ព័ន្ធការងារមួយចំនួនលើវិស័យកសិកម្ម នៅទីស្តីការក្រសួង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងអភិរក្សបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់អំពីគោលដៅយុទ្ធសាស្ត្រក្នុងការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មតាមមូលដ្ឋាន ព្រមទាំងការបង្កើតឱ្យមានបណ្ឌិតសភាកសិកម្ម។ គ្រឹះស្ថានរដ្ឋបាលសាធារណៈមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ចំណេះដឹង និងផ្តល់ភាពងាយស្រួលដល់កសិករ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីភាពចាំបាច់ដែលត្រូវពិភាក្សា អំពីកិច្ចសហការរួមគ្នា ដោយបង្កើតឱ្យមាន MOU ដើម្បីឱ្យការអនុវត្តការងារ ស្របតាមគោលនយោបាយជាតិ ក្នុងការលើកស្ទួយវិស័យកសិកម្មឱ្យមានភាពរីកចម្រើន ធានាសន្តិសុខស្បៀង និងធ្វើឱ្យមាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ឯកឧត្តម បានបន្តទៀតថា ផលិតផលកសិកម្មកម្ពុជា ផ្តោតសំខាន់លើគុណភាព សុវត្ថិភាព តាមស្តង់ដាគោលនយោបាយ ថ្លៃដើមផលិតទាប មានតម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ដែលផ្តល់ផលចំណេញដល់កសិករ និងភាគីពាក់ព័ន្ធ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភាពចាំបាច់ នៃការធ្វើទីផ្សារឱ្យបានល្អលើផលិតផលដូចជា អង្ករ ស្វាយចន្ទី កៅស៊ូ និងផលិតផលមានសក្តានុពលដទៃទៀត ដែលមជ្ឈមណ្ឌល CIRAD អាចពិនិត្យលទ្ធភាពបន្ថែមលើការងារនេះ ដោយត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើប្រសិទ្ធភាពសេដ្ឋកិច្ច៕




