ភ្នំពេញ៖ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បានបន្តផ្ដល់ជំនួយ ដើម្បីអភិវឌ្ឍន៍វិស័យបាល់បោះរទេះជនពិការ នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់ថវិកាចំនួនជាង ៧ម៉ឺនដុល្លារ សម្រាប់កសាងសង់ដំបូលទីលានបាល់បោះរទេះជនពិការ ស្ថិតក្នុងមជ្ឈមណ្ឌល ស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង ។
ក្នុងពិធីចុះហត្ថលេខាផ្ដល់ថវិកា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ការផ្ដល់ជំនួយនេះ ដោយសារទីលានប្រកួតមិនមានដំបូល អត្តពលិកកីឡាបាល់បោះរទះជនពិការ មានពេលវេលាតិច ក្នុងការហាត់សមនាពេលព្រឹក ឬពេលល្ងាច នៅពេលមានព្រះអាទិត្យមិនសូវក្ដៅខ្លាំង ឬអាចមិនហាត់សមបានតែម្ដង នៅពេលមានភ្លៀងធ្លាក់ ។
ឯកឧត្តមបន្តថា តាមរយៈគម្រោងនេះ រំពឹងថា អត្តពលិកអាចហាត់សមបានគ្រប់ពេលវេលា មិនថាថ្ងៃ ឬយប់ និងអាកាសធាតុបែបណាក៏ដោយ ហើយនាំឲ្យក្រុមបាល់បោះរទេះជនពិការ ទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុន ក្នុងការប្រកួតអន្តរជាតិនៅថ្ងៃអនាគត ។
ឯកឧត្តមឯកអគ្គរាជទូត បង្ហាញនូវការរំពឹងទុកយ៉ាងមុតមាំថា មនុស្សកាន់តែច្រើន នឹងចាប់អារម្មណ៍ក្នុងការលេងកីឡា និងតាមរយៈការលេងកីឡា ពួកគេនឹងរស់នៅក្នុងសង្គម ដែលមានសុខភាពល្អនៅថ្ងៃអនាគត ហើយគម្រោងទ្រង់ទ្រងតូចវប្បធម៌ “គូសាណូណិ” របស់ជប៉ុន រួមចំណែកផ្ទាល់ ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិភណ្ឌវប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ ដែលសកម្មភាពមាននៅកម្រិតមូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។
ក្នុងឱកាសនោះ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា ដែលបានផ្ដល់នូវជំនួយថវិកា ក្នុងការអភិវឌ្ឍវិស័យបាល់បោះរទះជនពិការនៅកម្ពុជា ។
អ្នកម្នាង បានបន្តថា ជំនួយនេះ មិនត្រឹមបង្ហាញពីប្រសិទ្ធភាព នៃចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុននោះទេ ប៉ុន្តែក៏ជាក្តីសង្ឃឹមយ៉ាងធំធេង ចំពោះអត្តពលិក ដែលមានពិការភាពនៅកម្ពុជាផងដែរ ហើយជំនួយនេះ ក៏បានជួយឲ្សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បន្តបេសកកម្ម ក្នុងការលើកកម្ពស់ ហើយបន្តការពង្រឹងសិទ្ធិតម្លៃ និងស្មារតីកីឡា ក្នុងចំណោមជនមានពិការភាព តាមរយៈបាល់បោះរទះជនពិការនេះ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ







