វៀតណាម៖ ប្រទេសវៀតណាមបានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ១.៤៣៨នាក់នៅព្រឹកថ្ងៃសុក្រនេះ ដែលនាំឲ្យអ្នកឆ្លងសរុបនៅប្រទេសនេះកើនឡើងដល់ ៤២.២៨៨នាក់ និងអ្នកស្លាប់សរុបចំនួន ២០៧នាក់ បន្ទាប់ពីបានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ៦៩នាក់។

យោងតាមលោក Do Van Chien ប្រធានរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមមានថវិកាគ្រប់គ្រាន់ក្នុងការទិញវ៉ាក់សាំងបង្ការវីរុស Covid-19 ចំនួន ១៥០លានដូស និងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ សម្រាប់ប្រជាជន ៧៥លាននាក់។ រណសិរ្សមាតុភូមិវៀតណាមបានប្រកាសថា ខ្លួនបានរៃអង្គាសថវិកាចំនួន ១១៥ពាន់លានដុងពីយុទ្ធនាការផ្ញើសារអំពាវនាវសុំការបរិច្ចាគ ដល់ការប្រយុទ្ធប្រឆាំងវីរុស Covid-19។។ រយៈពេល ៤០ថ្ងៃចាប់តាំងពីយុទ្ធនាការផ្ញើសារត្រូវបានបង្កើតឡើង រណសិរ្សមាតុភូមិវៀតណាមបានទទួលសារចំនួន ២,៥លាន ដែលបរិច្ចាគថវិកាសរុបបានចំនួន ១១៥ពាន់លានដុង ដែលរាល់ការបរិច្ចាគទាំងអស់នឹងត្រូវផ្ទេរទៅមូលនិធិវ៉ាក់សាំងរបស់រដ្ឋាភិបាល។
កាលពីដើមខែមិថុនា ឆ្នាំ២០២១ យុទ្ធនាការផ្ញើសារត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម សម្ព័ន្ធការងារវៀតណាម និងក្រសួងព័ត៌មាន និងទំនាក់ទំនងដើម្បីអំពាវនាវសុំការបរិច្ចាគ សម្រាប់ការប្រយុទ្ធប្រឆាំងវីរុស Covid-19 នៅប្រទេសវៀតណាម។ លោកនិយាយថា រហូតមកដល់ពេលនេះប្រទេសវៀតណាម មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទិញវ៉ាក់សាំងចំនួន ១៥០លានដូសសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេស៕
អត្ថបទ៖ ប៊ុនថន