ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា នៅថ្ងៃទី២១ខែមីនានេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីរបបសន្តិសង្គមនៅកម្ពុជា ក្រោមមូលបទ«ឆ្ពោះទៅការពង្រឹងគណនេយ្យភាពសង្គម នៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនដល់អ្នកសារព័ត៌មានជាតិចំនួន៤១ស្ថានប័ន។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយអង្គការអុកស្វាម បេឡាជាតិរបបសន្តិសង្គម សហការជាមួយសារព័ត៌មានថ្មីៗ។

នៅក្នុងវគ្គបណ្តុះបណ្តាលឯកឧត្តម ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា អ្នកសារព័ត៌មានបាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសកម្មភាពនានារបស់រាជរដ្ឋាភិបាលទៅកាន់សាធារណៈជន ដើម្បីជាព័ត៌មាន និងលើកឡើងនូវការផ្តល់មតិយោបល់ត្រឡប់មកវិញ។ បន្ថែមលើនេះ អ្នកសារព័ត៌មានក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពាំនាំកង្វល់ មតិយោបល់ និងធាតុចូលនានាពីប្រជាពលរដ្ឋ អ្នកឯកទេស សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយបរិយាបន្ន ក្នុងការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល។ នេះសឱ្យឃើញពីការរីកចម្រើន និងតួនាទីមិនអាចខ្វះបាន របស់អ្នកសារព័ត៌មាន ក្នុងការកសាង និងពង្រឹងយន្តការគណនេយ្យភាពសង្គម នៅកម្ពុជាជាពិសេសនៅក្នុងប្រព័ន្ធគាំពារសង្គម។ ក្នុងន័យនេះ ឯកឧត្តមបានស្នើដល់អ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយពីរបបសន្តិសុខសង្គមកម្ពុជាឱ្យផុលផុសទៅដល់កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅ ឱ្យយល់ដឹងពីសារៈសំខាន់នៃការចុះឈ្មោះចូលជាសមាជិក ប.ស.ស និងចូលរួមទប់ស្កាត់ព័ត៌មានមិនពិតពាក់ព័ន្ធនឹង ប.ស.ស។

អ្នកសារព័ត៌មានបានឱ្យដឹងដែរថា បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ទទួលបានចំណេះដឹងបន្ថែមទៀតពីរសារៈសំខាន់នៃរបបសន្តិសង្គម និងប្តេជ្ញាបន្តផ្សព្វផ្សាយព័ត៌មានទាំងអស់ទៅដល់សាធារណៈគ្រប់មជ្ឈដ្ឋាន។
គួររម្លឹកដែរថា នៅឆ្នាំ២០២១៩ ច្បាប់ស្តីពីរបបសន្តិសង្គមថ្មី ត្រូវបានរៀបចំដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ចនិងសង្គម ដែលផ្តល់អាណត្តិឱ្យបេឡាជាតិសន្តិសង្គមក្នុងការអភិវឌ្ឍ និងការអនុវត្តរបបសន្តិសុខសង្គមពេញលេញនៅកម្ពុជារួមមាន៖ផ្នែកហានិភ័យការងារ ផ្នែកថែទាំងសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាព៕ អត្ថបទ៖ទូច សោភ័ណ




