មន្ត្រីទីក្រុង បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងគីវ រដ្ឋធានីរបស់អ៊ុយក្រែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១០ នាក់រងរបួស និងបានបំផ្លាញអគារលំនៅឋានជាច្រើនខ្នង រួមទាំងអគារឧស្សាហកម្ម ទោះបីជាប្រព័ន្ធការការពារដែនអាកាស បានបាញ់ទម្លាក់មីស៊ីលទាំងអស់នោះក៏ដោយ។

លោក សឺហីយ ប៉ុបកូ (Serhiy Popko) ប្រធានរដ្ឋបាលយោធា បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំ លើកដំបូងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានដាក់គោលដៅលើទីក្រុងនេះ ទាំងមីស៊ីលបាលីស្ទីក និងមីស៊ីលតម្រង់គោលដៅ។ លោក និយាយថា បន្ទាប់ពីផ្អាករយៈពេល ៤៤ ថ្ងៃ សត្រូវបានបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងគីវ។ អង្គភាពសេវាសង្គ្រោះបន្ទាន់ទាំងអស់ កំពុងធ្វើការការនៅលើទីតាំងរងការវាយប្រហារ។

អភិបាលក្រុង លោក វីតាលី ក្លីតឆ្កូ(Vitali Klitschko) បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១០ នាក់ បានរងរបួសនៅទូទាំងទីក្រុង។ មេបញ្ជាការទ័ពអាកាស បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ីទាំង ៣១ គ្រាប់ ដែលដាក់គោលដៅសំដៅទៅលើរដ្ឋធានី។
លោក Popko បាននិយាយថា យោធារុស្ស៊ី បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងបានបាញ់មីស៊ីលមួយចំនួនចេញពីទឹកដីរបស់ខ្លួន បន្ទាប់ពីការធ្វើសមយុទ្ធដ៏ស្មុគស្មាញនៅក្នុងតំបន់ជិតខាង។
លោក Klitschko និយាយថា កម្ទេចកម្ទីមីស៊ីល បានធ្លាក់ទៅលើអគារលំនៅឋាន ទីតាំងឧស្សាហកម្ម និងសាលាមត្តេយ្យមួយកន្លែង នៅក្នុងទីក្រុង។ ប្រជាជននៅក្នុងអគារច្រើនជាន់មួយកន្លែង ត្រូវបានជម្លៀសចេញ បន្ទាប់ពីអគារលំនៅឋានមួយ ក្នុងចំណោមអគារលំនៅឋានជាច្រើន មានអគ្គិភ័យឆាបឆេះ។ លោក Popko និយាយថា ការវាយប្រហារនេះ ក៏បានធ្វើឲ្យបែកបង្អួចលំនៅឋានដែលនៅក្បែរនោះ និងបានឆេះបំផ្លាញរថយន្តឯកជនជាច្រើនគ្រឿង។