
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ជឿជាក់ថា ការរៀបចំសម្រាប់ការវាយលុកលើទីក្រុងរ៉ាហ្វា (Rafah) ក្នុងតំបន់ហ្កាហ្សាស្រ្ទីប នឹងចំណាយពេលតិច ខណៈដែលរដ្ឋជ្វីហ្វនេះ បានបន្តវាយលុកតំបន់ប៉ាឡេស្ទីនផ្សេងទៀត កាលពីថ្ងៃពុធ។
សហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចផ្សេងទៀត ព្រួយបារម្ភអំពីអ៊ីស្រាអែលពង្រីកសង្រ្គាមនៅភាគខាងត្បូង និងចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលទីភ្នាក់ងារផ្តល់ជំនួយនានានិយាយថា ជាជម្រកសម្រាប់មនុស្ស មួយលាននាក់ ដែលបានភៀសខ្លួនពីភាគខាងជើង និងកណ្តាលនៃតំបន់ហ្កាហ្សា ដោយសារតែការការវាយប្រហាររបស់អ៊ីស្រាអែល។
នៅក្នុងសុន្ទរកថាតាមវីដេអូមួយកាលពីថ្ងៃពុធ លោកណេតាន់យ៉ាហ៊ូ បានថ្លែងថា លោកបានប្រាប់ប្រធានាធិបតីអាមេរិក លោកចូ បៃដិន ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទចុងក្រោយរបស់ពួកគេថា វាមិនអាចទៅរួចទេ «ដើម្បីបញ្ចប់ជ័យជម្នះដោយគ្មានកងកម្លាំងការពារអ៊ីស្រាអែលចូលទៅក្នុងទីក្រុងរ៉ាហ្វា ដើម្បីលុបបំបាត់អ្វីដែលនៅសេសសល់នៃកងវរសេនាតូចរបស់ក្រុមហាម៉ាស។
លោកណេតាន់យ៉ាហ៊ូ បានរំលឹកឡើងវិញថា លោកបានអនុម័តផែនការប្រតិបត្តិការរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) រួចហើយសម្រាប់ទីក្រុងរ៉ាហ្វា «ហើយនៅពេលឆាប់ៗនេះ យើងក៏នឹងអនុម័តផែនការជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ប្រយុទ្ធមួយចំនួនផងដែរ»។
ទាក់ទងនឹងទំនាក់ទំនងរបស់ខ្លួនជាមួយលោក បៃដិន លោកបានបន្ថែមថា៖«ដំបូងឡើយ ពួកយើងបានព្រមព្រៀងគ្នាថា ក្រុមហាម៉ាស ចាំបាច់ត្រូវលុបបំបាត់។ ប៉ុន្តែក្នុងអំឡុងពេលសង្រ្គាម វាមិនមែនជារឿងសម្ងាត់ទេ មានការខ្វែងគំនិតគ្នារវាងពួកយើងលើមធ្យោបាយដ៏ល្អបំផុត ដើម្បីសម្រេចគោលដៅនេះ។