បាល់ទាត់៖ អតីតកីឡាកររបស់តោខៀវ Chelsea និង Bayern Munich កីឡាករហូឡង់ Arjen Robben បានសំរេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះជាការសំរេចចិត្តលើកទី២ សំរាប់កីឡាករវ័យ ៣៧ឆ្នាំរូបនេះ បន្ទាប់ពីចំណាយពេល ២១ឆ្នាំក្នុងអាជីពបាល់ទាត់ និងចុងក្រោយជាមួយក្លិបក្នុងស្រុក Groningen នៅក្របខណ្ឌទី២ ហូឡង់។
កាលពីឆ្នាំ២០១៩ កន្លងទៅ Arjen Robben បានសំរេចចិត្តចូលនិវត្តន៍ម្តងរួចទៅហើយ បន្ទាប់ពីរដូវកាលចុងក្រោយជាមួយ Bayern Munich តែក៏បានផ្លាស់ប្តូរចិត្តត្រលប់មកអាជីពបាល់ទាត់វិញនៅឆ្នាំ២០២០ មកចូលរួមជាមួយ Groningen ដែលជាក្លិបចាប់ផ្តើមអាជីពដំបូងរបស់ខ្លួននៅឆ្នាំ២០០០។ ទោះបីជាក្លិប Groningen បានយល់ព្រមបន្តកិច្ចសន្យាមួយឆ្នាំទៀតដល់ Arjen Robben ក៏ដោយកីឡាករវ័យ ៣៧ឆ្នាំរូបនេះគិតថា នេះជាពេលវេលាដែលត្រូវលាពីអាជីពជាកីឡាករមែនទែនហើយ បន្ទាប់ពីរដូវកាលកន្លងមកជាមួយ Groningen នោះញាំញីដោយសាររបួស។ ពេលត្រលប់មក Groningen វិញ Robben បង្ហាញខ្លួនដំបូងជួបជាមួយ PSV កាលពីខែកញ្ញាឆ្នាំមុននោះ តែក៏ត្រូវផ្លាស់ចេញវិញត្រឹមនាទីទី២៨ ដោយសាររបួសកំភួនជើង។
ក្រោយមកអតីតកីឡាករជំរើសជាតិហូឡង់រូបនេះក៏ត្រូវសំរាករហូត ៧ខែមុនពេលត្រលប់មកវិញនៅខែមេសាចូលលេងវិញពេល Groningen ចាញ់ Heerenveen ហើយក៏បញ្ចប់រដូវកាលទៅបង្ហាញខ្លួនបានតែ ៧ប្រកួតប៉ុណ្ណោះ។ រំលឹកថា Arjen Robben ធ្លាប់ជាកីឡាកររបស់ Chelsea ដែលឈ្នះពាន English Premier League ២លើក, FA Cup ១លើកក្នុងការបង្ហាញខ្លួនសរុប ១០៩ប្រកួតរកបាន ១៩គ្រាប់ មុនពេលផ្លាស់ទៅ Real Madrid និង Bayern Munich៕
អត្ថបទ៖នាង សុភាវុធ