
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនសេចក្តីសម្រេចព្រាងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យមាន «បទឈប់បាញ់បន្ទាន់មួយដែលមានភ្ជាប់នឹងការដោះលែងចំណាប់ថ្នូរ» នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
នាពេលល្ងាចអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាអំពីសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា លោក Blinken កាលពីថ្ងៃពុធ (ទី២០ ខែមីនា) បានប្រាប់សារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត Al Hadath ថា៖ «ជាក់ស្ដែង យើងបានដាក់ស្នើសេចក្ដីសម្រេចដែលឥឡូវនេះនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ដោយអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់មួយដែលមានភ្ជាប់នឹងការដោះលែងចំណាប់ថ្នូរ ហើយយើងសង្ឃឹមខ្ពស់ថា ប្រទេសនានានឹងគាំទ្រសេចក្ដីសម្រេចនេះ»។
គួរបញ្ជាក់ថា អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ បានទៅដល់ទីក្រុង Jeddah កាលពីថ្ងៃពុធដែលជាជើងទី១ នៃដំណើរទស្សនកិច្ចទៅកាន់តំបន់ ដែលត្រូវបានពង្រីកបន្ថែមទៀតដើម្បីរួមបញ្ចូលទាំងការធ្វើដំណើរទៅអ៊ីស្រាអែលផងដែរ។ លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតព្រះអង្គម្ចាស់ Faisal bin Farhan មុនពេលជួបពិភាក្សាជាមួយរជ្ជទាយាទ Mohammed bin Salman។
ព្រះរាជាណាចក្រនេះគឺជាកន្លែងឈប់សំចតដំបូង សម្រាប់ដំណើរទស្សនមជ្ឈិមបូព៌ាលើកទី៦ របស់លោក Blinken គិតចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា៕