
ខណៈទូកល្បឿនលឿនកំពុងដឹកចោរសមុទ្រសូម៉ាលីជាង១០នាក់ ធ្វើដំណើរទៅកាន់ទីតាំងនៅភាគខាងលិចមហាសមុទ្រឥណ្ឌា នាវិកនៃក្រុមហ៊ុនដឹកជញ្ជូនទំនិញគ្រប់គ្រងដោយប្រទេសបង់ក្លាដែស បានបញ្ជូនសញ្ញាអាសន្ន និងហៅទូរស័ព្ទទៅលេខទូរស័ព្ទទាន់ហេតុការណ៍។
នាយទាហានម្នាក់ បាននិយាយនៅក្នុងសារជាសំឡេងទៅកាន់ម្ចាស់នាវាថា គ្មាននរណាម្នាក់ទៅដល់ ទាន់ពេលវេលានោះទេ។ ចោរសមុទ្របានប្រវ៉េប្រវ៉ាឡើងលើនាវា Abdullah ដោយបានបាញ់ព្រមាន ហើយបានចាប់ប្រធានក្រុម និងមន្ត្រីម្នាក់ធ្វើជាចំណាប់ខ្មាំង។
នាយទាហានរូបនេះ បាននិយាយនៅក្នុងសារដែលបានថតទុកមុនពេលចោរសមុទ្រដណ្តើមយកទូរស័ព្ទរបស់នាវិកថា ដោយក្តីប្រទានរបស់ព្រះអល់ឡោះ គ្មាននរណាម្នាក់មានគ្រោះថ្នាក់នោះទេ រហូតមកដល់ពេលនេះ។
មួយសប្តាហ៍ក្រោយមក នាវា Abdullah ត្រូវបានគេបោះយុថ្កានៅឆ្នេរសមុទ្រប្រទេសសូម៉ាលី ដែលនាវានេះជានាវារងគ្រោះចុងក្រោយនៃការផ្ទុះឡើងចោរសមុទ្រ ដែលកងទ័ពជើងទឹកអន្តរជាតិ គិតថា ពួកគេគ្រប់គ្រងវាបាន។
ការវាយឆ្មក់នេះ កំពុងបង្កើនហានិភ័យ និងការខាតបង់ចំពោះក្រុមហ៊ុនដឹកជញ្ជូនដែលប្រឈមទៅនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀត ដោយកងជីវពលហ៊ូទី របស់ប្រទេសយេម៉ែន នៅសមុទ្រក្រហម និងដែនទឹកនៅក្បែរនោះផ្សេងទៀត។
យោងតាមអ្នកតំណាងឧស្សាហកម្មចំនួន៥នាក់បាននិយាយថា មានការប៉ុនប៉ងប្លន់ច្រើនជាង ២០លើក ចាប់តាំងពីខែវិច្ឆិកា ដែលបានជំរុញឱ្យកើនឡើងតម្លៃឆ្មាំសន្តិសុខប្រដាប់អាវុធ និងការធានារ៉ាប់រង និងបានបង្កើននូវទិដ្ឋភាពនៃការបង់ប្រាក់លោះផងដែរ។
សមាជិកក្រុមជនអន្ធពាលសូម៉ាលីពីរនាក់ បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេកំពុងទាញយកផលប្រយោជន៍ពីការរំខានដែលផ្តល់ឲ្យ ដោយក្រុមហ៊ូទី។