
ប្រធានគណៈកម្មាធិការពាណិជ្ជកម្មរបស់ព្រឹទ្ធសភាអអាមេរិក លោកស្រី ម៉ារៀ ខានវេល (Maria Cantwell) កាលពីថ្ងៃពុធ (២០ មីនា) បាននិយាយថា លោកស្រីកំពុងពិចារណាធ្វើសវនាការជាសាធារណៈលើសេចក្ដីស្នើច្បាប់ស្តីពីការបង្ក្រាបកម្មវិធីវីដេអូកម្សាន្ត ទីកតុក (TikTok) បន្ទាប់ពីសមាជិកសភា បានទទួលការសង្ខេបបិទទ្វារពីមន្ត្រីស៊ើបការណ៍ជាតិអាមេរិក និងមន្ត្រីក្រសួងយុត្តិធម៌។
លោកស្រី ខានវេល បានប្រាប់អ្នកយកព័ត៌មានដោយបដិសេធមិនផ្តល់តារាងពេលវេលាច្បាស់លាស់អំពីជំហានបន្ទាប់ថា «វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យចំណាត់ការនេះមានភាពត្រឹមត្រូវ និងច្បាស់លាស់»។
សភាអាមេរិក បានបោះឆ្នោតគាំទ្រ ៣៥២ សំឡេងទល់នឹង ៦៥ សំឡេង កាលពីថ្ងៃទី១៣ ខែមីនា ដើម្បីបង្ខំក្រុមហ៊ុន បៃឌែនស៍ (ByteDance) ដែលមានមូលដ្ឋាននៅប្រទេសចិន ឱ្យលក់កម្មវិធីវីដេអូខ្លី TikTok ក្នុងរយៈពេលប្រាំមួយខែ បើមិនដូច្នេះទេនឹងប្រឈមនឹងការហាមឃាត់។
ជោគវាសនារបស់ TikTok ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០ លាននាក់ បានក្លាយជាបញ្ហាចម្បងនៅទីក្រុងវ៉ាស៊ីនតោន ដែលសមាជិកសភា ទទួលបានការហៅទូរស័ព្ទយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកប្រើប្រាស់ TikTok ដែលប្រឆាំងនឹងច្បាប់នេះ។
សមាជិកសភាជាច្រើន និងរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន និយាយថា TikTok បង្កហានិភ័យសន្តិសុខជាតិ ពីព្រោះប្រទេសចិន អាចបង្ខំ TikTok ឱ្យចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិក ខណៈដែល TikTok ទទូចថា ខ្លួនមិនដែលធ្លាប់ ហើយនឹងមិនចែករំលែកទិន្នន័យរបស់សហរដ្ឋអាមេរិកនោះទេ៕