រតនគិរី ៖ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ និងចែកឱសថ ទឹកសុទ្ធ នំប៉័ង ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន២៥៨៧នាក់ និងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន ៥១៨នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៉ិច ខ្មៅដៃ នំប៉័ង ទឹកសុទ្ធ និងថវិកាចំនួន៥ពាន់រៀល ព្រមទាំង អ្នកគ្រូ លោកគ្រូ ចំនួន ២៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល និងថ្នាំពណ៌លាបជញ្ជាំងបណ្ណាល័យចំនួន២ធុង នៅសាលាបឋមសិក្សា លើឃួន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី, នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តរតនគិរី លោកគ្រូពេទ្យ ជា សានិត អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានលើកឡើងរួមគ្នាថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភពមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នាដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែកមកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។
ចំណែកលោក កង សារឿន អភិបាលស្រុកបរកែវ រួមនិងបងប្អូនប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមភាគតិច ចារាយ និងទំពួន បានថ្លែងអរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបរកែវ សង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទទួលសេវាសុខភាពដោយមិនគិតថ្លៃនោះទេ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ឧប នាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយសម្ភារៈសិក្សានិងថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង ជាការចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២១ មីនា ឆ្នាំ២០២៤) ក្រោម
ការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្តសាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃបានចំនួន ១៩០០លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១៦០,៥៣២ នាក់ (ដប់បីលាន ដប់ប្រាំមួយម៉ឺន ប្រាំរយ សាមសិបពីរ នាក់) គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ច្រើនជាង៣ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៧,៣៣៦,៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៨,០២៦,៦០០ដុល្លារ (ប្រាំមួយរយហាសិបប្រាំបីលាន ពីរម៉ឺន ប្រាំមួយពាន់ ប្រាំមួយរយ ដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩០,៤៣២ដូស (ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនបួនរយសាមសិបពីរដូស) ក្នុង ២៥ រាជធានី-ខេត្ត៕
អត្ថបទ រដ្ឋា
























