
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ទំនាក់ទំនងជាមួយប៉ាគីស្ថាន នឹងមានការប៉ះពាល់ ប្រសិនបើខ្លួនមិនស៊ើបអង្កេតភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតកាលពីខែមុន និងរៀបចំការបោះឆ្នោតឡើងវិញ ប្រសិនបើចាំបាច់។
លោក Donald Lu ប្រមុខការទូតរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីខាងត្បូង បានប្រាប់សមាជិកសភាថា សហរដ្ឋអាមេរិក មានការបារម្ភយ៉ាងខ្លាំងអំពីការរៀបចំការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ និងការរំខានជាបន្តបន្ទាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងការបន្តបិទបណ្តាញសង្គមXដែលពីមុនត្រូវបានគេស្គាល់ថា ជាTwitterនោះ។
លោក Lu បានប្រាប់សវនាការនៃអនុគណៈកម្មាធិការកិច្ចការបរទេសរបស់សភាថា៖«ប្រសិនបើខ្លួនរកឃើញថា ភាពមិនប្រក្រតី និងមានការជ្រៀតជ្រែកក្នុងការបោះឆ្នោត គណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន គួរតែរៀបចំការបោះឆ្នោតឡើងវិញ»។
លោក Lu បានបញ្ជាក់ថា៖«យើងរីករាយនឹងភាពជាដៃគូរយៈពេល៧៦ឆ្នាំជាមួយប្រទេសនេះ។ វានឹងក្លាយជាឧបសគ្គចំពោះទំនាក់ទំនងរបស់យើង ប្រសិនបើប៉ាគីស្ថាន មិនមានដំណើរការប្រជាធិបតេយ្យដែលកាន់ខ្ជាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន»។
លោក Lu បាននិយាយថា សហរដ្ឋអាមេរិក មិនបានពិចារណាលើការលក់គ្រឿងយុទ្ធោបរកណ៍ថ្មីដ៏សំខាន់ណាមួយទៅឲ្យប៉ាគីស្ថាន ជាសម្ព័ន្ធមិត្តនៃសង្រ្គាមត្រជាក់ ដែលកងទ័ព និងឧបករណ៍ស៊ើបការណ៍ បានដើរតួយ៉ាងចំាបាច់ក្នុងនយោបាយជាយូរមកហើយ ហើយទំនាក់ទំនងអតីតកាលរបស់ពួកគេជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមួយទីក្រុងវ៉ាស៊ីនតោន។
នៅមុនការបោះឆ្នោត អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ត្រូវបានចាប់ដាក់ពន្ធនាគារ និងរារាំងមិនឲ្យឈរឈ្មោះបោះឆ្នោត ខណៈគណបក្ស Pakistan Tehreek-e-Insaf (PTI)របស់លោក ត្រូវរងការ បង្ក្រាប។