
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីបនាថ្ងៃព្រហស្បតិ៍នេះ ក្រោយដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ។
យោងតាមសេចក្តីជូនដំណឹងពីក្រសួងការបរទេសអេហ្ស៊ីប បានឲ្យដឹងថា លោក Blinken នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអេស្ស៊ីប អារ៉ាប៊ីសាអូឌីត កាតា និងហ្សកដានី ក៏ដូចជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិអារ៉ាប់រួម និងមន្រ្តីជាន់ខ្ពស់ប៉ាឡេស្ទីន ។
លោក Blinken បានវិលត្រឡប់មកកាន់តំបន់មជ្ឈិមបូព៌ាវិញកាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចលើកទី ៦របស់លោក ចាប់តាំងពីសង្រ្គាមនៅហ្កាហ្សាកាលពីខែតុលា ឆ្នាំ ២០២៣ ដើម្បីជំរុញឲ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស់ ។
លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនសេចក្តីសម្រេចព្រាងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់មួយដែលមានភ្ជាប់នឹងការដោះលែងចំណាប់ថ្នូរនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ។
អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាអំពីសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា លោក Blinken បានប្រាប់សារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត Al Hadath ថា ជាក់ស្ដែង យើងបានដាក់ស្នើសេចក្ដីសម្រេចដែលឥឡូវនេះនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ ដោយអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់មួយដែលមានភ្ជាប់នឹងការដោះលែងចំណាប់ថ្នូរ ហើយយើងសង្ឃឹមខ្ពស់ថា ប្រទេសនានានឹងគាំទ្រសេចក្ដីសម្រេចនេះ ។
សូមបញ្ជាក់ថា ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ បានទៅដល់ទីក្រុង Jeddah របស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធដែលជាជើងទី១ នៃដំណើរទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ៕