
ទីក្រុង Chittagonដែលជាទីក្រុងធំបំផុតទី ២នៅប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងវិបត្តិទឹកធ្ងន់ធ្ងរ ស្របពេលទឹកប្រៃកើនឡើងខ្លាំងនៅក្នុងទន្លេ Karnaphuli ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ទីក្រុងកំពង់ផែមួយនេះ ។
ធុងទឹក ប៊ីដុង និងក្អម ត្រូវបានគេមើលឃើញតម្រៀបនៅតាមផ្លូវជិតទុយយោទឹក ជាទីដែលបែងចែកទឹកបណ្តោះអាសន្ន ។
ទឹកប្រៃនៅក្នុងទន្លេ Karnaphuli បានកើនឡើង ដោយសារនីវ៉ូទឹកសមុទ្រឡើងខ្ពស់បណ្តាលមកពីបម្រែបម្រួលអាកាសធាតុហូរចូលពីឆកសមុទ្របឹងហ្គាល់នៅក្បែរនោះ ធ្វើឲ្យទឹកខះមិនអាចបន្សាប និងទទួលទានបាន ។
ទឹកប្រៃមិនអាចទទួលបានឡើយ ដោយសារតែមានជាតិអំបិលខ្ពស់ ដែលនាំឲ្យខះជាតិទឹក និងបង្កបញ្ហាដល់សុខភាព ។
យោងតាមការអះអាងរបស់អង្គការសុខភាពពិភពលោក(WHO) បានឲ្យដឹងថា ការប្រើប្រាស់ទឹកមានជាតិប្រៃ អាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពអេឡិចត្រូលីតរាងកាយ បណ្តាលឲ្យលើសសម្ពាធឈាម បញ្ហាតម្រងនោម និងផលវិបាកសុខភាពផ្សេងៗទៀត ។
អ្នកស្រី Shamsun Nahar វ័យ ៤០ឆ្នាំ គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Chittagonនិយាយថា សព្វថ្ងៃនេះ ពួកយើងគ្មានហ្គាស ឬទឹកប្រើប្រាស់នោះទេ ។ វាកាន់តែពិបាកខ្លាំងសម្រាប់ពួកយើង ។
វិបត្តិទឹកនេះដែរ បានកើតឡើង ស្របពេលដែលទីក្រុង Chittagonដែលមានពលរដ្ឋរស់នៅជាង ៨លាននាក់ ប្រឈមនឹងរលកកម្តៅអំឡុងរដូវក្តៅ ៕