
អ្នកផ្តល់ប្រាក់កម្ចីពិភពលោក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)និងស្រីលង្កា បានឈានដល់កិច្ចព្រមព្រៀងកម្រិតដំបូងលើគោលនយោបាយសេដ្ឋកិច្ច ដើម្បីបញ្ចប់ការត្រួតពិនិត្យលើកទីពីរនៃកម្មវិធីជំនួយរយៈពេល ៤ឆ្នាំ ។
ការពិនិត្យឡើងវិញដែលអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ IMF នឹងបញ្ចេញថវិកាចំនួន៣៣៧ លានដុល្លារសម្រាប់ប្រទេសកោះនេះ។
អ្នកផ្តល់ប្រាក់កម្ចីសកលនេះ បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងត្បូង កំពុងងើបឡើងវិញជាបណ្តើរៗពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល៧ទសវត្សរ៍ ដែលត្រូវបានបង្កឡើងដោយការធ្លាក់ចុះនៃទុនបម្រុងរូបិយប័ណ្ណបរទេស ក្នុងឆ្នាំ ២០២២។
IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«កំណែទម្រង់គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កំពុងចាប់ផ្តើមបង្កើតផល» ។
«ការរក្សានូវសន្ទុះកំណែទម្រង់ និងការដោះស្រាយភាពទន់ខ្សោយនៃអភិបាលកិច្ច និងភាពងាយរងគ្រោះនៃអំពើពុករលួយ គឺមានសារៈសំខាន់ណាស់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញយូរអង្វែង និងកំណើនប្រកបដោយស្ថិរភាព និងបរិយាប័ន្ន»។
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា ការបញ្ចប់ការពិនិត្យឡើងវិញតម្រូវឲ្យបញ្ជាក់ពីការរួមចំណែកផ្នែកហិរញ្ញប្បទានរបស់ដៃគូពហុភាគី និងការវាយតម្លៃវឌ្ឍនភាពគ្រប់គ្រាន់ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញក្នុងចំណោមតម្រូវការផ្សេងៗទៀត។