
អំឡុងជំនួបកំពូលនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក្រុមមេដឹកនាំមកពីបណ្តាប្រទេសអឺរ៉ុបដែលគាំទ្រនុយក្លេអ៊ែរ និងក្រុមអ្នកជំនាញថាមពល បានអំពាវនាវឲ្យមានការលូតលាស់ឡើងវិញថាមពលនុយក្លេអ៊ែរ ពោលគឺពួកគេចង់ឲ្យបង្កើតឡើងវិញឧស្សាហកម្មអឺរ៉ុប ក្រោយការធ្លាក់ចុះបន្តិចម្តងៗ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ការជំរុញផ្នែកនយោបាយដើម្បីពង្រីកថាមពលនុយក្លេអ៊ែរដែលជាប្រភពថាមពលកាបូនកម្រិតទាបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ពួកគេ ដើម្បីឈានដល់គោលដៅអាកាសធាតុដ៏មហិច្ឆិតារបស់អឺរ៉ុប ។ ប៉ុន្តែពួកគេប្រឈមនឹងឧបសគ្គជាច្រើនផងដែរ រួមទាំងកង្វះខាតការវិនិយោគ និងការចំណាយដ៏លើសលប់ ហើយការពន្យាពេលបានអន្តរាយដល់គម្រោងកាលពីពេលថ្មីៗនេះ ។
តម្រូវការស្វែងរកជម្រើសផ្សេងក្រៅពីឧស្ម័នរបស់រុស្ស៊ី បន្ទាប់ពីការវាយលុករបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ហើយនិងការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៥៥ភាគរយនៅឆ្នាំ ២០៣០ បានធ្វើឲ្យកើតមានចំណាប់អារម្មណ៍ថ្មីលើថាមពលនុយក្លេអ៊ែរ ។
ទោះបីជាយ៉ាងណាក៏ដោយ បណ្តាប្រទេសសហភាពអឺរ៉ុប នៅតែមានការបែងចែកគ្នាដដែលចំពោះការលើកកម្ពស់ថាមពលនុយក្លេអ៊ែរ ក្នុងនោះបារាំងជឿថា ការពង្រីកថាមពលនុយក្លេអ៊ែរ គឺសំខាន់ចាំបាច់ ប៉ុន្តែប្រទេសប្រឆាំងថាមពលនុយក្លេអ៊ែរ រួមទាំងអូទ្រីស និងអាល្លឺម៉ង់ ចង់ផ្តោតសំខាន់លើប្រភពថាមពលបង្កើតថ្មីដូចជា ខ្យល់ និងពន្លឺព្រះអាទិត្យ ៕