
រូបភាពផ្កាយរណបដែលបានវិភាគដោយមជ្ឈមណ្ឌលផ្កាយរណបរបស់អង្គការសហប្រជាជាតិបង្ហាញថា ៣៥ភាគរយនៃអគារនៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញ ឬខូចខាត នៅក្នុងការវាយលុករបស់អ៊ីស្រា អែលនៅក្នុងដែនដីប៉ាឡេស្ទីន។
ការវាយប្រហាររបស់អ៊ីស្រាអែលដែលបានចាប់ផ្តើមក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុម សកម្មប្រយុទ្ធហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៣២.០០០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ មនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់ក្រុមហាម៉ាសទៅលើប្រទេសអ៊ីស្រាអែល។
នៅក្នុងការវាយតម្លៃរបស់ខ្លួន មជ្ឈមណ្ឌលផ្កាយរណបរបស់អង្គការសហប្រជាជាតិ UNOSAT បានប្រើប្រាស់រូបភាពផ្កាយរណបដែលមានភាពច្បាស់ដែលប្រមូលបាននៅថ្ងៃទី២៩ ខែកុម្ភៈ ហើយប្រៀបធៀបរូបភាពទាំងនោះជាមួយនឹងរូបភាពដែលថតមុននិងក្រោយការចាប់ផ្តើមនៃជម្លោះចុងក្រោយបង្អស់នេះ។
មជ្ឈមណ្ឌលនេះ បានរកឃើញថា ៣៥ភាគរយនៃអគារទាំងអស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប សំណង់អគារ៨៨.៨៦៨ត្រូវបានខូចខាត ឬបំផ្លាញ។
ក្នុងចំណោមនោះ UNOSAT បានកំណត់អត្តសញ្ញាណសំណង់អគារចំនួន ៣១.១៩៨ ដែលត្រូវបានបំផ្លាញ ១៦.៩០៨ ខូចខាតធ្ងន់ធ្ងរ និង ៤០.៧៦២ ខូចខាតកម្រិតមធ្យម។
UNOSAT បាននិយាយថា នេះតំណាងឲ្យការកើនឡើងនៃសំណង់ខូចខាតជិត ២០.000 បើប្រៀបធៀបទៅនឹងការវាយតម្លៃពីមុន ដែលខ្លួនបានធ្វើដោយផ្អែកលើរូបភាពថតកាលពីខែមករា បង្ហាញថា ៣០ភាគរយនៃអគារទាំងអស់ ត្រូវបានខូចខាត ឬបំផ្លាញ។