បាល់ទាត់៖ ខ្សែការពារបារាំង Raphael Varane កំពុងស្ថិតក្នុងផ្លូវចាកចេញពីក្លិបអេស្ប៉ាញ Real Madrid ច្រើនខែមកហើយ ខណៈកិច្ចព្រមព្រៀងចាកចេញទំនងជាចេញជារូបរាង។ បើតាមការចុះផ្សាយ របស់សារព័ត៌មានអេស្ប៉ាញជាច្រើនបានឲ្យដឹងថា Manchester United និង Real Madrid ខិតជិតឈានដល់កិច្ចព្រមព្រៀងនឹងគ្នាហើយ ក្នុងការផ្ទេរកីឡាករវ័យ ២៧ឆ្នាំរូបនេះ។

សារព័ត៌មាន The Mirror ក៏បានរាយការណ៍ផងដែរថា ក្រុមអធិរាជស Real Madrid បើកចំហចំពោះលទ្ធភាពក្នុងការលក់ Raphael Varane ទៅឲ្យក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ចំពេលដែលកីឡាករបារាំងរូបនេះនឹងមិនបន្តកិច្ចសន្យា ជាមួយក្លិបអេស្ប៉ាញឡើយ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបាននៅជាមួយ Los Blancos ចាប់តាំងពីឆ្នាំ២០១១ និងបានបង្ហាញខ្លួនចំនួន ៣៥១លើកសម្រាប់ក្លិបគ្រប់ក្របខណ្ឌ។ Raphael Varane នឹងដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួននៅខែមិថុនាឆ្នាំក្រោយ ហើយមិនមានការចង្អុលបង្ហាញណាមួយដែលថា គេសុខចិត្តបន្តការស្នាក់នៅជាមួយក្លឹបនោះទេ។
ដូច្នេះ Real Madrid ចង់រឹមិនចង់នឹងអាចលក់ ខ្សែការពារសញ្ជាតិបារាំងនេះចេញនៅរដូវក្តៅខាងមុខ ប្រសើរជាងការចាកចេញដោយមិនទទួលបានអ្វីសោះ។ Manchester United មានចំណាប់អារម្មណ៍លើខ្សែការពារកណ្តាលរូបនេះ តាំងពីពេលដែល Varane នៅ Lens ជិតមួយទសវត្សរ៍មុនហើយក្លិបនៅ Old Trafford មួយនេះក៏ព្យាយាមម្តងទៀតនៅឆ្នាំ២០១៩ ចែចូវកីឡាករវ័យ ២៧ឆ្នាំរូបនេះពី Real Madrid៕
អត្ថបទ៖នាង សុភាវុធ