
វិមានក្រឹមឡាំង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីនឹងចាត់វិធានការសងសឹក ស្របតាមផលប្រយោជន៍របស់ខ្លួន និងប្រើប្រាស់យន្តការផ្លូវច្បាប់ បើសិនជាសហភាពអឺរ៉ុបប្រើប្រាស់ប្រាក់ចំណេញពីការបង្កកអចនទ្រព្យរុស្ស៊ី ដើម្បីទិញអាវុធឲ្យអ៊ុយក្រែន ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ មុនជំនួបក្រុមមេដឹកនាំសហភាពអឺរ៉ុប ដែលពួកគេនឹងពិភាក្សាលើបញ្ហាមួយនេះ ។
រុស្ស៊ីនិយាយថា សំណើរបស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell ក្នុងការយក ៩០ ភាគរយនៃប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅអឺរ៉ុប ហើយផ្ទេរប្រាក់ទាំងនោះទៅទិញអាវុធសម្រាប់អ៊ុយក្រែន គឺជា អំពើប្លន់ និងចោរកម្ម ។
នៅក្រោមផែនការរបស់លោក Borrell ប្រាក់ចំណូលពីទ្រព្យសកម្ម ដូចជាការបង់ការប្រាក់ នឹងចូលទៅមូលនិធិសន្តិភាពអឺរ៉ុប ដែលជាមូលនិធិក្រៅថវិកាផ្តល់ជំនួយយោធាដល់ប្រទេសក្រៅសហភាពអឺរ៉ុប និងត្រូវបានប្រើប្រាស់ជាចម្បងសម្រាប់អ៊ុយក្រែន ។
វិមានក្រឹមឡាំងបញ្ជាក់ថា ប្រសិនបើផែនការបែបនេះត្រូវបានអនុវត្ត វានឹងបំផ្លាញកេរ្តិ៍ឈ្មោះរបស់អឺរ៉ុប ក្នុងនាមជាអាណាព្យាបាលដែលអាចទុកចិត្តបាននៃសិទ្ធិអចលនទ្រព្យ និងនាំឱ្យមានការកាត់ទោសជាច្រើនឆ្នាំ ៕