
អ្នកជំនាញអង្គការសហប្រជាជាតិ(UN) និយាយកាលពីថ្ងៃពុធថា ពិភពលោកនឹងចាញ់សង្រ្គាមជាមួយកាកសំណល់អេឡិចត្រូនិក ក្រោយរបាយការណ៍រកឃើញថា ប្រទេសជាច្រើនឆ្ពោះទៅរកការផលិតកាកសំណល់មួយនេះចំនួន ៨២លានតោន ដែលធ្វើពីទូរស័ព្ទដៃចាស់ៗ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតនៅឆ្នាំ ២០៣០ ។
កាកសំណល់អេឡិចត្រូនិក មានទាំងឌុយដោត ឬថ្មជាដើម ។ វានឹងមានសារធាតុពុល និងសារធាតុគ្រោះថ្នាក់ដូចជាបារតជាដើម ហើយវានឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពមនុស្ស ។
លោក Kees Balde គឺជាអ្នកជំនាញមកពីវិទ្យាស្ថានហ្វឹកហ្វឺន និងស្រាវជ្រាវរបស់ UNនិយាយថា ជាមួយនឹងនិន្នាការបច្ចុប្បន្ន ពួកយើងនឹងចាញ់សង្រ្គាមជាមួយកាកសំណល់អេឡិចត្រូនិក ។
កាលពីឆ្នាំ ២០២២ ទិន្នផលប្រចាំឆ្នាំនៅលើពិភពលោកនៃកាកសំណល់អេឡិចត្រូនិក មានចំនួន ៦២លានតោន ពោលគឺកើនឡើងចំនួន ៨២ភាគរយ ពីឆ្នាំ ២០១០ ។ កាកសំណល់អេឡិចត្រូនិក កើនឡើងប្រចាំឆ្នាំចំនួន ២,៦លានតោន ដែលនេះមានន័យថា នៅឆ្នាំ ២០៣០ វានឹងអាចកើនឡើងដល់ ៨២លានតោន ៕