
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា) នេះ បានស្វាគមន៍សំណើរបស់សហភាពអឺរ៉ុប (EU) ក្នុងការប្រើប្រាស់ប្រាក់ចំណេញរាប់ពាន់លានអឺរ៉ូពីមូលធានហិរញ្ញវត្ថុរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីយកទៅទិញអាវុធ សម្រាប់អ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូលដែលបណ្ដាមេដឹកនាំប្រទេសរបស់ EU នឹងពិភាក្សាអំពីផែនការនេះ។
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់ EU នៅសប្តាហ៍នេះ បានស្នើឲ្យបញ្ជូនទៅទីក្រុងគីវប្រហែល ៩០ភាគរយនៃប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានប៉ាន់ស្មានថា មានចំនួនពី ២,៥ ទៅ ៣,០ពាន់លានអឺរ៉ូ (២,៧ ទៅ ៣,៣ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ខណៈដែលទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្អឹបទុកនៅអឺរ៉ុប បន្ទាប់ពីទីក្រុងមូស្គូលុកលុយអ៊ុយក្រែន។
ទ្រព្យសម្បត្តិត្រូវបានបង្កកទុកនៅកន្លែងដាក់ផ្ញើមូលបត្រកណ្តាលរបស់សហភាពអឺរ៉ុប ដោយភាគច្រើននៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Euroclear របស់ប្រទេសបែលហ្ស៊ិក។
ពាក់ព័ន្ធនឹងរឿងនេះ លោក De Croo បានប្រាប់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍ថា៖ «នេះគឺជាសំណើដ៏ល្អមួយ»។ លោកបាននិយាយថា៖ «ខ្ញុំគិតថា នេះគឺជាវិធីសមហេតុសមផល ក្នុងការធ្វើបែបនេះ។ ខ្ញុំគិតថា គំនិតដើម្បីបែងចែកប្រាក់ចំណេញដោយភាគច្រើនទៅលើការទិញសព្វាវុធ គឺសមហេតុផលណាស់»។
នៅក្រោមសំណើរបស់គណៈកម្មការនេះ ប្រាក់ចំណេញ ៩០ភាគរយ នឹងត្រូវបានបញ្ជូនតាមរយៈមូលនិធិសន្តិភាពអឺរ៉ុប ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន។ នៅសល់នឹងត្រូវបានប្រើសម្រាប់ការស្តារ និងកសាងប្រទេសឡើងវិញ៕