
វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា) នេះ បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទទួលបានការអញ្ជើញបើកចំហឲ្យបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី ហើយថា កិច្ចប្រជុំជាមួយប្រធានាធិបតីលោក Vladimir Putin នឹងកើតមានឡើង ទោះបីជាព័ត៌មានលម្អិតនៅតែកំពុងត្រូវបានរៀបចំឡើងក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កំពុងឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ដែលថា លោក Putin បានអញ្ជើញលោក Modi មកបំពេញទស្សនកិច្ច នៅប្រទេសរុស្ស៊ី។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះមិនទាន់ត្រូវបានយល់ព្រមតាមរយៈផ្លូវការទូតនៅឡើយទេ។ ក្នុងករណីណាក៏ដោយ កិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅឆមាសទីមួយនៃឆ្នាំនេះ យើងសង្ឃឹមថា ក្នុងទម្រង់ពហុភាគី ហើយនឹងមានការពិភាក្សាទ្វេភាគីផងដែរ នៅក្នុងជំនួបត្រៀមនឹងកើតមាននេះ។ ពិតមែនហើយ នាយករដ្ឋមន្ត្រីឥណ្ឌាមាននូវការអញ្ជើញបើកចំហឲ្យមកធ្វើទស្សនកិច្ចនៅប្រទេសរបស់យើង»។
គួរបញ្ជាក់ថា រុស្ស៊ី និងឥណ្ឌាមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ។ ទីក្រុងមូស្គូបានបង្កើនការនាំចេញប្រេងរបស់ខ្លួនទៅឥណ្ឌា បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានចាប់ផ្តើមមានឡើង ដោយសារការលុកលុយលើប្រទេសអ៊ុយក្រែន៕