អាមេនី៖ ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់ បាននឹងកំពុងធ្វើដំណើរទៅកាន់ប្រទេសអាមេនី ដើម្បីទទួលបានការចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ខណៈដូសវ៉ាក់សាំងនៅក្នុងប្រទេសរបស់ពួកគេខ្វះខាត ហើយមានការកើនឡើងនូវករណីថ្មី បង្កឡើងដោយការរាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី។

អ៊ីរ៉ង់គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយវីរុស COVID-19 ខ្ពស់បំផុតនៅមជ្ឈិមបូព៌ា ហើយតិចជាង ២% នៃប្រជាជន ៨៤លាននាក់របស់ប្រទេសនេះបានទទួលវ៉ាក់សាំងពេញលេញ។ អាជ្ញាធរនៅមិនទាន់ចាក់វ៉ាក់សាំងដល់បុគ្គលិកដែលមិនមែនជាគ្រូពេទ្យ និងអ្នកដែលមានអាយុក្រោម ៦០ឆ្នាំនៅឡើយ ដោយសន្យាថាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនឹងចាប់ផ្ដើមនៅខែកញ្ញា។ ក្នុងពេលនេះដែរ ប្រជាជនអ៊ីរ៉ង់ជាច្រើនកំពុងចាប់យកបញ្ហារបស់ពួកគេ ហើយទៅកាន់ប្រទេសអាមេនីដែលជាប្រទេសជិតខាងដើម្បីបានចាក់វ៉ាក់សាំង ខណៈអាជ្ញាធរបានផ្តល់ដូសវ៉ាក់សាំងដោយមិនគិតថ្លៃដល់ភ្ញៀវបរទេស។
នាយករដ្ឋមន្ត្រីស្តីទីប្រទេសអាមេនី លោក Nikol Pashinyan បាននិយាយថា ជនបរទេសរួមទាំងប្រជាជនផងមានចំនួនរហូតដល់ប្រមាណ ១១០,០០០នាក់បានចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះ។ គេនៅមិនទាន់ច្បាស់ថា តើជនជាតិអ៊ីរ៉ង់ប៉ុន្មាននាក់បានធ្វើដំណើរទៅចាក់វ៉ាក់សាំង ខណៈប្រទេសអាមេនីនៅតែជាកន្លែងទទួលបានការពេញនិយមនៅរដូវក្តៅ។ ប៉ុន្តែក្នុងមួយថ្ងៃ រថយន្តក្រុង តាក់ស៊ី និងជើងហោះហើរច្រើនគ្រឿងដឹកជនជាតិអ៊ីរ៉ង់ប្រមាណ ៥០០នាក់ឆ្លងកាត់ព្រំដែន។ ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមជើងហោះហើរចំនួន ៣ជើងរាល់សប្ដាហ៍ពីប្រទេសអ៊ីរ៉ង់ទៅកាន់ក្រុង Yerevan រដ្ឋធានីប្រទេសអាមេនី។ ប៉ុន្តែការចំណាយនៃការធ្វើដំណើរតាមរថយន្តក្រុងបានកើនឡើងទ្វេដង៕
អត្ថបទ៖ ប៊ុនថន