
ម្តាយនៃសពអតីតមេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny មិនទទួលបានជោគជ័យនោះឡើយជាមួយនឹងពាក្យបណ្តឹងដែលចោទប្រកាន់ថា ដោយសារតែការថែទាំសុខភាពមិនបានគ្រប់គ្រាន់ នៅក្នុងមន្ទីរឃុំឃាំងតំបន់ Arctic ទើបបណ្ដាលឲ្យកូនប្រុសរបស់លោកស្រីស្លាប់ ហើយការច្រាលចោលពាក្យបណ្ដឹងនេះ គឺព្រោះតែសាមីខ្លួនមិនបានប្ដឹងដោយខ្លួនឯង។ នេះបើតាមការឲ្យដឹងពីសម្ព័ន្ធមិត្តរបស់សពលោក Navalny នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែមីនា)។
គួរបញ្ជាក់ថា ក្រុមគ្រួសារ និងអ្នកគាំទ្ររបស់លោក Navalny បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា បានសម្លាប់មេដឹកនាំប្រឆាំងរូបនេះ ជាការចោទប្រកាន់ដែលវិមានក្រឹមឡាំងបានច្រានចោលដោយកំហឹង។
លោក Ivan Zhdanov អតីតជំនួយការរបស់លោក Navalny បាននិយាយថា តុលាការនៅក្នុងទីក្រុងតូចមួយ គឹទីក្រុង Labytnangi ដែលនៅក្បែរមន្ទីរឃុំឃាំងនោះ បានច្រានចោលបណ្តឹងដោយលើកហេតុផលថា ដើមបណ្តឹងត្រូវតែជាលោក Navalny ខ្លួនឯងផ្ទាល់។
សូមរំលឹកថា អាជ្ញាធរពន្ធនាគាររុស្ស៊ី បាននិយាយថា លោក Navalny វ័យ ៤៧ឆ្នាំ បានដួលសន្លប់ ហើយបានស្លាប់នៅថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីបានដើរនៅខាងក្រៅពន្ធនាគារ «Polar Wolf» ជាកន្លែងដែលលោកត្រូវអុវត្តទោសជាប់ពន្ធនាគាររយៈពេល ៣ទសវត្សរ៍៕