នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ សិស្សានុសិស្ស និងកុមារ នៅអនុវិទ្យាល័យហ្មសែត ស្ថិតក្នុងភូមិសាស្ដ្រភូមិហ្មសែត សង្កាត់ប៉ាល ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ពិធីធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុក គឹមសាន អភិបាលរងខេត្ត ព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក សំ លាងទ្រី ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្អូនៗកុមារជាច្រើនរូបទៀត។
លោក សំ លាងទ្រី បានថ្លែងថា កម្មវិធីអប់រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែល បានរៀបចំនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ ទប់ស្កាត់ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឱ្យមានការបាត់បង់នូវអាយុជីវិតមនុស្ស និងទ្រព្យ សម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឡើងទៅលើកុមារ ហើយក៏ជាការពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពី សុវត្ថិភាពចរាចរណ៍តាមដងផ្លូវសាធារណៈ។
លោកបានបន្ដថា បញ្ហាដែលបង្ករឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍ កើតឡើងដោយកត្តា៣ធំៗរួមមាន៖ ទី១.កត្តាមនុស្ស គឺការយល់ដឹងអំពីច្បាប់ ផ្លូវគោកនៅមានកម្រិត, ទី២.កត្តាយានជំនិះ ដោយម្ចាស់យានជំនិះទាំងនោះមិនបានថែទាំ ត្រួត ពិនិត្យលក្ខណៈបច្ចេកទេស តាមពេលកំណត់, ទី៣.កត្តាផ្លូវ ដូចជាផ្លូវរអិល ផ្លូវកោង ផ្លូវធំតែ មានស្ពានតូចចង្អៀត និងពុំបានបំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅលើដងផ្លូវសាធារណៈមួយចំនួនផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវដល់ អ្នកបើកយានយន្ដគ្រប់ប្រភេទ ត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានសុជីវធម៌ល្អ និងចេះ អធ្យាស្រ័យគ្នាក្នុងពេលបើកបរ សូមបំពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរយានយន្ដ និងពាក់ មួកសុវត្ថិភាពនៅពេលបើកបរទោចក្រយានយន្ដ ឱ្យបានត្រឹមត្រូវទាំងអស់គ្នាក្នុងពេលធ្វើដំណើរទាំងអ្នកបើកបរ និងអ្នករួមដំណើរជាដើម។
សូមបញ្ជាក់ជូនថា ក្នុងពិធីនេះដែរ ក៏មានការចែកមួកសុវត្ថិភាព ជូនដល់ប្អូនៗ ជាយុវជន ចំនួន៥០មួក ប្អូនៗកុមារចំនួន១០០មួក។ បន្ថែមពីនេះ លោកប្រធាននាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក៏បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន៣០មួក ដល់សាលាបឋមសិក្សាហ្មសែត និងជូនអ្នកគ្រូៗ សាលាបឋមសិក្សាហ្មសែតចំនួន ១៩មួកថែមទៀតផង៕









