សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) ថា ជាមធ្យមយ៉ាងហោចណាស់ស្រ្តីជាម្តាយចំនួន ៣៧ នាក់ត្រូវបានសម្លាប់ក្នុងមួយថ្ងៃ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្កាហ្សាស្ទ្រីប ខណៈពិភពអារ៉ាប់ប្រារព្ធទិវាមាតារបស់ខ្លួនដែលត្រូវនឹងថ្ងៃទី២១ ខែមីនា ជារៀងរាល់ឆ្នាំ។

គណៈកម្មការអ្នកឃុំឃាំង និងកិច្ចការអតីតអ្នកជាប់ឃុំ ក្នុងអង្គការរំដោះប៉ាឡេស្ទីន រួមជាមួយនឹងសមាគមក្លឹបអ្នកទោសប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយក្នុងឱកាសនៃទិវាមាតាថា ការវាយលុករបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្កាហ្សា បានបណ្តាលឱ្យមានការស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ម្តាយ និងកូនប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍បានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានអនុវត្តការចាប់ខ្លួនស្ត្រីយ៉ាងច្រើននៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស កាលពីខែតុលាឆ្នាំមុន។ អ្នកទោសស្ត្រីប៉ាឡេស្ទីនភាគច្រើន រួមទាំងសកម្មជនសង្គម ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ ឬការឃុំខ្លួនផ្នែករដ្ឋបាល។

សេចក្តីថ្លែងការណ៍នេះបានអំពាវនាវដល់អង្គការ និងចលនាស្ត្រីអន្តរជាតិ ឱ្យរកអ្នកទទួលខុសត្រូវចំពោះមុខ «ឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់» ប្រឆាំងនឹងស្ត្រីប៉ាឡេស្ទីន រួមទាំងអ្នកទោសស្ត្រី ដែលកាន់កាប់ដោយអ៊ីស្រាអែល៕