រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី អាលីស៊ីយ៉ា បាសេណា(Alicia Barcena) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានកុងស៊ុលម៉ិកស៊ិកនៅរដ្ឋតិចសាស់នឹងផ្តល់ការការពារ ការគាំទ្រ និងការណែនាំ ដល់ប្រជាជនម៉ិកស៊ិក ដែលរងផលប៉ះពាល់ដោយច្បាប់ S.B. ៤. របស់រដ្ឋតិចសាស់។

S.B.4 គឺជាច្បាប់រដ្ឋតិចសាស់គាំទ្រដោយគណបក្សសាធារណរដ្ឋ ដែលនឹងផ្តល់សិទ្ធិអំណាចដល់អាជ្ញាធររដ្ឋក្នុងការចាប់ខ្លួន កាត់ទោសជនអន្តោប្រវេសន៍និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលសង្ស័យថា បានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន លោកស្រី Barcena បាននិយាយថា ប្រទេសម៉ិកស៊ិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសវ៉េណេស៊ុយអេឡា ដើម្បីនិរទេសជនអន្តោប្រវេសន៍ និងបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជាច្រើនរបស់ប្រទេសម៉ិកស៊ិក និងវ៉េណេស៊ុយអេឡា ដើម្បីជួលពួកគេបម្រើការងារ។
រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បាននិយាយថា ខ្លួននឹងផ្តល់ប្រាក់ប្រហែល ១១០ដុល្លារក្នុងមួយខែ ឱ្យជនអន្តោប្រវេសន៍នៅក្នុងប្រទេស ជាផ្នែកនៃកម្មវិធីដែលពួកគេនឹងមានឱកាសដើម្បីធ្វើការឱ្យក្រុមហ៊ុនផ្សេងៗ នៅក្នុងប្រទេសទាំងពីរផងដែរ។