ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២១ ខែមីនាថា រុស្ស៊ីបានចាប់ផ្តើមផលិតគ្រាប់បែកទម្លាក់ពីលើអាកាសមានកម្លាំងផ្ទុះខ្លាំង FAB-3000 ចាប់តាំងពីខែកុម្ភៈឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានពិនិត្យរោងចក្រឧស្សាហកម្មការពារជាតិ នៅក្នុងតំបន់ នីស្នី នូវហ្ករ៉ូដ(Nizhny Novgorod) ដែលផលិតគ្រាប់បែក FAB-3000 និងប្រភេទគ្រាប់រំសេវផ្សេងទៀត រួមទាំងគ្រាប់កាំភ្លើងធំផងដែរ។

លោក Shoigu បាននិយាយថា ការផលិតគ្រាប់រំសេវសម្រាប់កាំភ្លើងធំ បានកើនឡើងជិត ២២ ដង។ លោកនិយាយថា នេះធានាបាននូវការបញ្ជូនចំនួនគ្រាប់រំសេវគ្រប់គ្រាន់ទៅកាន់តំបន់នៃ «ប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រុស្ស៊ី បានវាយប្រហារដោយមីស៊ីល ទៅលើទីក្រុងគីវ រដ្ឋធានីរបស់អ៊ុយក្រែន បណ្តាលឲ្យមនុស្ស១០នាក់រងរបួស និងបានបំផ្លាញអគារលំនៅឋានជាច្រើនខ្នង និងអគារឧស្សាហកម្មជាច្រើនកន្លែង ទោះបីជាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលទាំងអស់ក៏ដោយ។

ការវាយប្រហារទ្រង់ទ្រាយធំដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានដាក់គោលដៅលើទីក្រុងគីវ ទាំងមីស៊ីលបាលីស្ទីក និងមីស៊ីលតម្រង់គោលដៅ។