ក្រុមមន្ត្រីមកពីប្រទេសចំនួន៣៦និងបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសកោះស៊ីបកាលពីថ្ងៃព្រហស្បតិ៍ ២១ មីនា ដើម្បីពិភាក្សាអំពីរបៀបពន្លឿនការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីស្ថិតក្នុងតំបន់រងការឡោមព័ទ្ធនៅតំបន់ហ្កាហ្សាតាមផ្លូវសមុទ្រដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។

ការប្រមូលផ្តុំកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានចូលរួមដោយលោក ស៊ីគ្រីដ កាក (Sigrid Kaag) អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្កាហ្សា ព្រមទាំងលោក ឃើទីស រេដ (Curtis Ried) ប្រធានបុគ្គលិកនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។

ខណៈគ្រោះទុរភិក្សបានកើតមានពេញតំបន់ហ្កាហ្សា បណ្ដាទីភ្នាក់ងារកំពុងស្វែងរកផ្លូវជំនួសកាន់តែច្រើនឡើង ដើម្បីនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ដោយបញ្ចៀសការដឹកជញ្ជួនឆ្លងកាត់ព្រំដែនដីគោក។ ប៉ុន្តែកង្វះហេដ្ឋារចនាសម្ព័ន្ធគឺជាបញ្ហា។អង្គការសប្បុរសធម៌មួយដែលបានបញ្ជូនជំនួយពីប្រទេសស៊ីបកាលពីសប្តាហ៍មុន បានចតចតក្នុងសមុទ្រឆ្ងាយពីគំនរបាក់បែក ស្របពេលសហរដ្ឋអាមេរិកក៏បានប្រកាសពីគម្រោងបង្កើតផែបណ្តែតទឹក ផងដែរ។

នៅក្រោមកិច្ចព្រមព្រៀងដែលធ្វើឡើងជាមួយអ៊ីស្រាអែល ទំនិញអាចឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខនៅប្រទេសស៊ីបដោយក្រុមមួយរួមទាំងអ៊ីស្រាអែល ដោយលុបចោលតម្រូវការសម្រាប់ការស៊ើបអង្កេតនៅចំនុចដឹកជញ្ជូនចុងក្រោយរបស់ខ្លួនដើម្បី ឲ្យការដឹកជញ្ជូនជំនួយដំណើរការរលូន ។
នាវាមួយគ្រឿង បានចាកចេញពីប្រទេសស៊ីបកាលពីសប្តាហ៍មុន ហើយបានចែកចាយជំនួយនៅហ្កាហ្សា ខណៈនាវាពីរផ្សេងទៀតត្រូវបានគេរំពឹងថា នឹងចាកចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។
រដ្ឋមន្ត្រីការបរទេស កោះស៊ីប (Cyprus) លោក កូស្តានទីណូស កូមបូស (Constantinos Kombos) បាននិយាយថា ការពិភាក្សាផ្តោតលើមធ្យោបាយក្នុងការបង្កើនសមត្ថភាពប្រតិបត្តិការ ទាំងក្នុងលក្ខខណ្ឌនៃការចាកចេញ ទាំងមធ្យោបាយដឹកជញ្ជូន ព្រមទាំងទាក់ទងនឹងការទទួល និងការចែកចាយផងដែរ៕