ក្រុមមេដឹកនាំសហភាពអឺរ៉ុប ត្រូវបានជំរុញកាលពីថ្ងៃព្រហស្បតិ៍ ឲ្យបង្ហាញពីការគោរពដូចគ្នាចំពោះច្បាប់អន្តរជាតិនៅតំបន់ហ្កាហ្សា ខណៈដែលពួកគេមានគោលបំណងរក្សាការគាំទ្រអ៊ុយក្រែន ខណៈដែលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ ប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារដ៏ធ្ងន់ធ្ងរ និងគ្រោះទុរ្ភិក្ស ដែលអាចកើតមានឡើង។

នៅឯកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានអំពាវនាវដល់ក្រុមមេដឹកនាំនេះ ឲ្យរក្សាភាពរឹងមាំ និងឯកភាព ក្នុងការគោរពតាមស្តង់ដាដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

លោកហ្គុយតឺរេស បានប្រាប់អ្នកយកព័ត៌មានថា៖«គោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ គឺការការពារជនស៊ីវិល។ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍នៅក្នុងប្រទេសអ៊ុយក្រែន ដូចជានៅតំបន់ហ្កាហ្សា ដោយគ្មានស្តង់ដាទ្វេរដង» ដោយឈរជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel ដែលជាប្រធានកិច្ចប្រជុំកំពូលនេះ។
ទីភ្នាក់ងារស្បៀងអាហាររបស់UN បានព្រមានថា «ទុរ្ភិក្សជិតមកដល់» នៅតំបន់ហ្កាហ្សាភាគខាងជើង។ ទន្ទឹមនឹងនោះ អ៊ីស្រាអែលហាក់ដូចជាបានប្តេជ្ញាចិត្តក្នុងការបើកការវាយលុកជើងគោក នៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ដែលមនុស្សជាច្រើនបានស្វែងរកការជ្រកកោនពីការប្រយុទ្ធ។
សហភាពអឺរ៉ុប ដែលមានប្រទេសចំនួន២៧ បានបែកបាក់គ្នាយ៉ាងខ្លាំងជាយូរមកហើយ នៅក្នុងវិធីសាស្រ្តរបស់ខ្លួនចំពោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយការវាយប្រហាររបស់ក្រុមហាម៉ាស ដែលបំផ្លិចបំផ្លាញលើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា បានបង្ហាញនូវភាពខុសគ្នាទាំងនោះ។ ប៉ុន្តែនៅពេលដែលចំនួនអ្នកស្លាប់នៅហ្កាហ្សា កើនឡើងដល់ជិត ៣២.០០០នាក់ ប្រទេសជាច្រើនទៀត កំពុងគាំទ្រការអំពាវនាវឲ្យមានបទឈប់បាញ់។