ប្រាក់ពន្ធអាមេរិកជាង ១១៣ ពាន់លានដុល្លារ ត្រូវបានបញ្ជូនទៅជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែជំនួយបន្ថែមចំនួន ៦០ពាន់លានដុល្លារ ត្រូវបានជាប់គាំងនៅក្នុងសភា ហើយមន្ត្រីការពារជាតិ បានព្រមានថា អ៊ុយក្រែនកំពុងអស់ធនធានហើយនោះ។

នៅប្រទេសអ៊ុយក្រែន មានការខ្វះខាតទាហាន គ្រាប់រំសេវ និងទំនុកចិត្តថា ជំនួយរបស់លោកខាងលិច នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់ បានស្លាប់ឬបាត់បង់អវយវៈក្នុងសង្គ្រាម។
លោកអូលេកសាន បាហ្ស៊ីលីវីច (Oleksandr Bazilevych) មានវ័យ២៥ឆ្នាំ មាននៅសល់តែដៃស្តាំប៉ុណ្ណោះ។ គ្រាប់បែកដៃរុស្ស៊ី បានផ្ទុះនៅជិតលោកកាលពីខែកញ្ញាឆ្នាំមុន ខណៈដែលលោកកំពុងជួយមិត្ត ដែលរងរបួស ទៅដល់ពេទ្យ។ លោកមិនមានការភ្ញាក់ផ្អើលទេ នៅពេលដែលខ្លួន បានបាត់អវយវៈនោះ។

លោកបាហ្ស៊ីលីវីច បាននិយាយថា៖«វាអាចនឹងអាក្រក់ជាងនេះទៅទៀត។ អង្គការផ្សេងទៀត បានប្រាប់លោកថា ពួកគេមិនអាចជួយលោកបាន។ បន្ទាប់មកលោក បានទៅរកជំនួយពីមូលនិធិProtez។
លោកវេជ្ជបណ្ឌិត Yakov Gradinar ជនជាតិអាមេរិកដើមកំណើតអ៊ុយក្រែន រស់នៅក្នុងរដ្ឋមីនីសូតា( Minnesota) និងធ្វើការជាអ្នកជំនាញផ្នែកអវៈយវៈសិប្បនិម្មិត នៅពេលដែលសង្រ្គាម បានចាប់ផ្តើមកាលពីពីរឆ្នាំមុន។ លោកវេជ្ជបណ្ឌិត និងដៃគូអាជីវកម្ម និងជានាយកប្រតិបត្តិរបស់ខ្លួនគឺ លោក Yury Aroshidze ឥឡូវនេះ បានបើកគ្លីនិកចំនួន៣ ដោយមួយទៀត នៅតាមផ្លូវក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន។