ពលរដ្ឋប៉ាឡេស្ទីន ត្រូវបានគេមើលឃើញថាបានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ខណៈការវាយលុករបស់អ៊ីស្រាអែល បានបន្តដាក់គោលដៅលើមន្ទីរពេទ្យ Al Shifa សម្រាប់ថ្ងៃទី៤។ ស្ត្រី កុមារ និងបុរស បានដឹកទ្រព្យសម្បត្តិរបស់ពួកគេទៅតាមផ្លូវតំបន់ឆ្នេរ ក្នុងទីក្រុង ហ្កាហ្សា ភាគខាងត្បូង។

អ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាសជាង ៥០ នាក់កាលពីថ្ងៃមុន ដោយធ្វើឱ្យចំនួនអ្នកប្រយុទ្ធដែលត្រូវបានសម្លាប់នៅជុំវិញមន្ទីរពេទ្យនេះ កើនដល់១៤០ នាក់ រួមជាមួយទាហានអ៊ីស្រាអែលពីរនាក់។ អ៊ីស្រាអែលនិយាយថា ខ្លួនបានកំណត់ទីតាំងហេដ្ឋារចនាសម្ព័ន្ធ និងអាវុធរបស់ក្រុមភេរវករ នៅក្នុង និងនៅជុំវិញទីតាំងនោះ ដោយបង្ហាញរូបភាពកាំភ្លើងស្វ័យប្រវត្តិ AK-47 គ្រាប់បែក កាំភ្លើងត្បាល់ និងកាំភ្លើងធំផ្សេងទៀត។

អ្នកនាំពាក្យយោធា លោក Daniel Hagari បាននិយាយថា ភេរវករក្រុមហាម៉ាស ក្រុមអ្នកប្រយុទ្ធ និងបុគ្គលិកជាន់ខ្ពស់ជាច្រើននាក់ បានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ រួមជាមួយក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម។ ប៉ុន្តែ ក្រុមហាម៉ាស បានបដិសេធថា មន្ទីរពេទ្យនេះគ្មានក្រុមសកម្មប្រយុទ្ធទេ និងបាននិយាយថា អ្នកដែលបានស្លាប់ជាអ្នកជំងឺដែលរងរបួស និងជនភៀសខ្លួន។
វីដេអូ ដែលចេញផ្សាយដោយក្រុមហាម៉ាស បានបង្ហាញក្រុមសកម្មប្រយុទ្ធរបស់ខ្លួននៅខាងក្រៅបរិវេណមន្ទីរពេទ្យ Al Shifa ដោយមានកាន់អាវុធ និងបាញ់ទៅលើរថក្រោះអ៊ីស្រាអែល នៅតាមដងផ្លូវដែលក្លាយទៅជាគំនរបាក់បែក។
ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបជាមួយរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត កាតា និងហ្ស៊កដានី ដែលក្រុមមន្ត្រីទាំងអស់កំពុងជំរុញឱ្យបញ្ចប់ការប្រយុទ្ធគ្នារយៈពេលជាង ៥ ខែ ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត ៣២.០០០នាក់ ដោយ៦៥នាក់ បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ។