ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) ថា មានតែការពង្រីកផ្លូវឆ្លងកាត់ជើងគោកសម្រាប់ដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះ ទើបអាចជួយទប់ស្កាត់គ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលមានប្រជាជនរស់នៅយ៉ាងច្រើនក្រាស់ក្រែលនេះបាន។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា កុមារកំពុងស្លាប់ដោយសារផលប៉ះពាល់នៃកង្វះអាហារូបត្ថម្ភ និងជំងឺ និងពីកង្វះទឹក និងអនាម័យគ្រប់គ្រាន់។

សង្គ្រាមរយៈពេល ៥ ខែបានធ្វើឱ្យមានការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក្នុងចំណោមប្រជាជនប៉ាឡេស្ទីនចំនួន ២,៣ លាននាក់នៅហ្កាហ្សា ដែលនៅក្នុងតំបន់មួយចំនួនឥឡូវនេះលើសពីកម្រិតទុរ្ភិក្សទៅទៀត នេះបើយោងតាមអង្គការសហប្រជាជាតិ។
ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិបាននិយាយថា «ឧបសគ្គដ៏ច្រើនលើសលប់» ចំពោះការផ្លាស់ទីជំនួយទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សា នឹងត្រូវបានយកឈ្នះដោយបទឈប់បាញ់ ហើយនិងការបើកច្រកព្រំដែនដែលបិទដោយអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយលុករបស់ពួកគេកាលពីថ្ងៃទី០៧ ខែតុលា។
អ៊ីស្រាអែលនិយាយថា ខ្លួនមិនបានដាក់កម្រិតលើជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សានោះទេ ហើយបានស្ដីបន្ទោសការផ្តល់ជំនួយយឺតយ៉ាវនេះទៅលើកង្វះសមត្ថភាព ឬគ្មានប្រសិទ្ធភាពក្នុងចំណោមភ្នាក់ងារអង្គការសហប្រជាជាតិ៕