ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្ដីសម្រេចសកលជាលើកដំបូង ស្តីពីប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត AI ដើម្បីលើកទឹកចិត្តដល់ការការពារទិន្នន័យផ្ទាល់ខ្លួន ការត្រួតពិនិត្យ AI សម្រាប់ហានិភ័យ និងការការពារសិទ្ធិមនុស្ស។

ក្រុមមន្ត្រីទាំងនោះបាននិយាយថា សេចក្ដីសម្រេចគ្មានចំណងផ្លូវច្បាប់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងសហការឧបត្ថម្ភដោយប្រទេសចិន និងប្រទេសចំនួន ១២១ ផ្សេងទៀតនេះ បានចំណាយពេលបីខែដើម្បីចរចា ហើយក៏ជាអ្នកតស៊ូមតិដើម្បីពង្រឹងគោលនយោបាយឯកជនភាពផងដែរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វីល (Linda Thomas-Greenfield) បាននិយាយបន្ទាប់ពីសេចក្ដីសម្រេចត្រូវបានអនុម័តថា «ថ្ងៃនេះ សមាជិកទាំង ១៩៣ ប្រទេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ចេញសំឡេងតែមួយ ហើយបានរួមគ្នាធ្វើការជ្រើសរើសដើម្បីគ្រប់គ្រងបប្រាជ្ញាសិប្បនិម្មិត AI ជាជាងអនុញ្ញាតឱ្យបច្ចេកវិទ្យានេះគ្រប់គ្រងលើមនុស្ស»។

សេចក្ដីសម្រេចនេះគឺជាគំនិតផ្តួចផ្តើមចុងក្រោយបង្អស់ដោយរដ្ឋាភិបាលជុំវិញពិភពលោកដើម្បីកំណត់លើការអភិវឌ្ឍន៍របស់ AI ស្របពេលមានការភ័យខ្លាចថាបច្ចេកវិទ្យានេះអាចត្រូវបានគេប្រើដើម្បីរំខានដល់ដំណើរការប្រជាធិបតេយ្យ ការក្លែងបន្លំ ឬនាំឱ្យមានការបាត់បង់ការងារសម្រាប់មនុស្ស ក្នុងចំណោមគ្រោះថ្នាក់ផ្សេងទៀត៕