សមាជិកសភាប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តការបង្កើតរដ្ឋថ្មីមួយនៅក្នុងដែនដី ជាគោលដៅនៃជម្លោះជាយូរមកហើយជាមួយប្រទេសជិតខាងហ្គីយ៉ាន ទោះបីជាសំណុំរឿងតុលាការអន្តរជាតិ កំពុងនៅបន្តក៏ដោយ។

ការអនុម័តនេះ គឺស្របតាមវោហាសាស្ត្រថ្មីៗរបស់លោក Maduro អំពីសិទ្ធិរបស់ប្រទេសលោក ក្នុងការគ្រប់គ្រងតំបន់អេសេហ្គីបូ(Esequibo) មានទំហំ ១៦០.០០០ គីឡូម៉ែត្រក្រឡា ប៉ុន្តែនឹងពុំមានផលប៉ះពាល់ជាក់ស្តែងភ្លាមៗនៅឡើយនោះទេ។

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងត្រូវសម្រេចថាតើប្រទេសណាមួយ ជាកម្មសិទ្ធិដែនដីនេះ ប៉ុន្តែ រដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡា បាននិយាយថា ខ្លួនមិនទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)នោះទេ ហើយការធ្វើប្រជាមតិកាលពីខែធ្នូដែលគាំទ្រការបង្កើតរដ្ឋថ្មី ស្ថិតក្នុងចំណោមបញ្ហាផ្សេងទៀត ដែលផ្តល់ឱ្យប្រទេសនេះនូវសិទ្ធិគ្រប់គ្រងតំបន់ Esequibo និងអនុញ្ញាតឱ្យរុករកប្រេងនៅទីនោះ។
អាជ្ញាធរបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ុយអេឡា បាននិយាយថា ប្រជាជនវេណេស៊ុយអេឡា ជាង១០លាននាក់ បានបោះឆ្នោតប្រជាមតិកាលពីខែធ្នូ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់បានបញ្ចេញលទ្ធផលណាមួយនៅឡើយ។
ប្រទេសហ្គីយ៉ាន បាននិយាយថា ព្រំដែនរបស់ខ្លួន ពុំមានសម្រាប់កិច្ចពិភាក្សាទេ ហើយប្រទេសនេះ នឹងការពារដែនអធិបតេយ្យភាពរបស់ខ្លួន។
ប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពិនិត្យឡើងវិញនូវការទាមទាររបស់ខ្លួនចំពោះដែនដី និងតំបន់ឆ្នេរសមុទ្រ បន្ទាប់ពីការរកឃើញអណ្តូងប្រេង និងឧស្ម័នធំៗ និងក្នុងពេលមានភាពចលាចលនយោបាយផ្ទៃក្នុង នៅមុនការបោះឆ្នោត ដែលត្រូវបានរំពឹងទុក នៅឆ្នាំនេះ។