មនុស្សពីរនាក់ដែលដឹងពីបញ្ហានេះបាននិយាយថា អ៊ុយក្រែន អាចនឹងលុបបញ្ជីខ្មៅនៃ «អ្នកឧបត្ថម្ភសង្រ្គាម» របស់ខ្លួនចោលក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ដែលជាចំណុចកណ្តាលនៃយុទ្ធនាការរបស់ទីក្រុងគីវ ដើម្បីវែកមុខក្រុមហ៊ុនដែលធ្វើអាជីវកម្មជាមួយរុស្ស៊ី បន្ទាប់ពីមានការរិះគន់ពីបណ្តាប្រទេសនានា រួមទាំងប្រទេសចិន និងបារាំង។

ប្រភពដដែលនេះបាននិយាយថា អ៊ុយក្រែន អាចធ្វើរឿងនេះភ្លាមៗនៅថ្ងៃសុក្រ (២២ មីនា) នេះ ដែលមិនត្រឹមតែលុបចោលបញ្ជីនេះប៉ុណ្ណោះទេ ថែមទាំងគេហទំព័រពាក់ព័ន្ធដែលផ្តល់ព័ត៌មានលម្អិតអំពីបុគ្គលដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្រុមហ៊ុន និងប្រភពដើមនៃគ្រឿងបន្លាស់សព្វាវុធរបស់រុស្ស៊ី ទៀតផង។

បញ្ជីខ្មៅនេះមិនមានជំហរផ្លូវច្បាប់ទេ ប៉ុន្តែបានធ្វើឱ្យក្រុមហ៊ុនធំៗប្រហែល ៥០ ស្ថាប័នដែលត្រូវបានជ្រើសរើសសម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី និងជួយដល់សង្រ្គាមរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន ត្រូវរងផលប៉ះពាល់ដូចជាការបង់ពន្ធច្រើនជាដើម។

ប្រសិនបើការដួលរលំនៃយុទ្ធនាការ «បញ្ជីឈ្មោះអ្នកឧបត្ថម្ភសង្រ្គាម» របស់អ៊ុយក្រែននេះកើតឡើងមែន វានឹងបង្ហាញថាទីក្រុងគីវ ប្រហែលជាត្រូវបន្ទន់ជំហររបស់ខ្លួន ខណៈកាន់តែពិបាកក្នុងការរក្សាការគាំទ្រសកលសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ខ្លួនជាង ២ ឆ្នាំទល់នឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី៕