ប្រភពឧស្សាហកម្មជាន់ខ្ពស់បាននិយាយថា ធនាគារលោកខាងលិចមួយចំនួនបានចាប់ផ្តើមបញ្ចុះបញ្ចូលប្រឆាំងនឹងសំណើរបស់សហភាពអឺរ៉ុប ក្នុងការចែកចាយឡើងវិញនូវការប្រាក់រាប់ពាន់លានអឺរ៉ូ ដែលរកបានលើទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដោយបារម្ភថាគម្រោងនេះអាចនាំឱ្យមានការកាត់ក្តី ដែលត្រូវចំណាយសងវិញយ៉ាងលើសលប់។

មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) កំពុងពិភាក្សាអំពីផែនការប្រើប្រាស់ប្រាក់រហូតដល់ ៣ ពាន់លានអឺរ៉ូ (៣,២៦ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ខណៈដែលពួកគេព្យាយាមជំរុញការប្រយុទ្ធរបស់ទីក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី ដែលនៅតែជាម្ចាស់ទ្រព្យសម្បត្តិដែលជាប់គាំងនេះ។

ទោះជាយ៉ាងណាក៏ដោយ ធនាគារមួយចំនួនភ័យខ្លាចថា បន្ទាប់ពីផែនការនោះ ពួកគេអាចនឹងត្រូវចាប់ឱ្យទទួលខុសត្រូវដោយរុស្ស៊ី ប្រសិនបើពួកគេពាក់ព័ន្ធនឹងការផ្ទេរប្រាក់ណាមួយទៅកាន់អ៊ុយក្រែន ហើយថាផែនការរបស់សហភាពអឺរ៉ុប អាចត្រូវបានពង្រីកដល់ទ្រព្យសម្បត្តិនៅក្នុងគណនីដែលពួកគេកាន់កាប់សម្រាប់បុគ្គល និងក្រុមហ៊ុនដែលត្រូវបានទទួលទណ្ឌកម្ម។

ប្រភពនេះក៏មានការព្រួយបារម្ភផងដែរថា សំណើនេះនឹងនាំឱ្យមានការលុបបំបាត់ការទុកចិត្តកាន់តែធំនៅក្នុងប្រព័ន្ធធនាគារលោកខាងលិច។ រុស្ស៊ីនិយាយថា ការប៉ុនប៉ងណាមួយដើម្បីដណ្តើមយកដើមទុន ឬការប្រាក់របស់ខ្លួនគឺជា «អំពើចោរកម្ម» ដែលនឹងនាំទៅដល់ការចាត់វិធានការផ្លូវច្បាប់ជាច្រើនទសវត្សរ៍ប្រឆាំងនឹងអ្នកពាក់ព័ន្ធទាំងអស់ ហើយទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងសងសឹកវិញ ប្រសិនបើទ្រព្យសម្បត្តិ ឬប្រាក់ចំណូលរបស់ខ្លួនត្រូវបានដកហូត៕