បាឡុងខ្យល់ក្តៅមួយ បានធ្លាក់នៅជាប់ផ្លូវរថយន្ត ក្នុងទីក្រុង Rochester រដ្ឋមីនីសូតា។
យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឲ្យដឹងថា មនុស្សបីនាក់ បានជិះលើបាឡុងនោះ នៅពេលវាធ្លាក់ ដែលពួកគេពីរនាក់ក្នុងចំណោម៣នាក់ បានរងរបួសស្រាល។

យោងតាមព័ត៌មានបឋមដែលចេញផ្សាយដោយនាយកដ្ឋាននគរបាលទីក្រុង Rochester បានឱ្យដឹងថា បាឡុងនេះកំពុងព្យាយាមចុះចតនៅទីវាលមួយកន្លែង នៅពេលនោះខ្យល់បក់ខ្លាំងបានរុញច្រានបាឡុង ចូលទៅក្នុងបណ្តាញខ្សែអគ្គិសនី។

កន្ត្រកមនុស្សជិះបានបែកចេញពីបាឡុង បណ្តាលឱ្យវាធ្លាក់ក្នុងកម្ពស់ ៦ទៅ៩ ម៉ែត្រ មកដល់ដី។
បាឡុងនេះ បានរសាត់អណ្តែតចម្ងាយប្រហែលមួយម៉ាយស៍ ទៅភាគខាងកើតពីកន្លែងកើតហេតុ ដែលវាបានធ្លាក់នៅក្នុងទីវាល។
ផ្នែកមួយនៃបាឡុង បានឆេះ ហើយត្រូវបានពន្លត់ភ្លាមៗដោយក្រុមអ្នកពន្លត់អគ្គីភ័យទីក្រុង Rochester ។