វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំងស្ថិតនៅក្រោមសម្ពាធមិនធ្លាប់មានពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីឱ្យរឹតត្បិតលើទីក្រុងមូស្គូ ដោយធ្វើអត្ថាធិប្បាយលើការបដិសេធរបស់ធនាគារចិនមួយចំនួនក្នុងការទទួលយកការទូទាត់ពីប្រទេសរុស្ស៊ី។

ក្រុមអ្នកជំនួញរុស្ស៊ីកាលពីខែមករា បានខ្វល់ខ្វាយចំពោះបញ្ហានានារួមទាំងការដោះស្រាយជាមួយធនាគារចិន។សហរដ្ឋអាមេរិក បាននិងកំពុងគំរាមកំហែងធនាគារនានានៅក្នុងប្រទេសដូចជាទួរគី និងចិន ដោយការដាក់ទណ្ឌកម្មបន្ទាប់បន្សំសម្រាប់ការសម្របសម្រួលពាណិជ្ជកម្មជាមួយរុស្ស៊ី។

កាសែត អ៊ីសវ៉េទីយ៉ា (Izvestia) ដែលដកស្រង់ប្រភពទីផ្សារនានា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាធនាគារចិន ភីង អាន (Ping An Bank) និង ធនាគារ នីងបូ (Bank of Ningbo) បានបញ្ឈប់ដំណើរការទូទាត់ជារូបិយប័ណ្ណចិនពីប្រទេសរុស្ស៊ី។

កាសែតនេះក៏បាននិយាយផងដែរថាធនាគារ DBS Bank, Great Wall West China Bank និង ធនាគារ ឆាយណា ហ្សែហ្ស៊ាំង (China Zheshang Bank) បានណែនាំការរឹតបន្តឹងមួយចំនួនលើប្រតិបត្តិការជាមួយរុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ស្ថានភាពជាមួយធនាគារចិនបានបង្កឲ្យមានបញ្ហា ប៉ុន្តែបាននិយាយថា ពួកគេអាចជម្នះបាន។
លោក Peskov បានប្រាប់សន្និសីទប្រចាំថ្ងៃតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា ជាការពិតណាស់ សម្ពាធមិនធ្លាប់មានពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លើសាធារណរដ្ឋប្រជាមានិតចិននៅតែបន្ត រួមទាំងនៅក្នុងបរិបទនៃទំនាក់ទំនងជាមួយយើងផងដែរ។
រុស្ស៊ី បានក្លាយជាប្រទេសនាំចេញប្រេងធំបំផុតទៅកាន់ប្រទេសចិន ស្របពេលខ្លួនផ្លាស់ប្តូរពាណិជ្ជកម្មឆ្ងាយពីអឺរ៉ុប ដែលបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងទីក្រុងមូស្គូ បន្ទាប់ពីការចាប់ផ្តើមនៃអ្វីដែលវិមានក្រឹមឡាំងហៅថាប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕