ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក រួមជាមួយនឹងអគ្គមេធាវីរដ្ឋ និងស្រុកចំនួន ១៦ រូបផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) បានដាក់ពាក្យបណ្ដឹងប្រឆាំងការទុកចិត្តស៊ីវិល ប្រឆាំងនឹងក្រុមហ៊ុន អេបផល (Apple) ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះថា បានរក្សាការផ្តាច់មុខដោយខុសច្បាប់លើស្មាតហ្វូន។

អគ្គមេធាវី មឺរីក ហ្កាលែន (Merrick Garland) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន ថា «ក្រុមហ៊ុន Apple បានរក្សាអំណាចផ្តាច់មុខនៅក្នុងទីផ្សារស្មាតហ្វូន ដោយមិនមែនគ្រាន់តែរក្សាការនាំមុខនៃការប្រកួតប្រជែងលើគុណសម្បត្តិនោះទេ ប៉ុន្តែដោយការបំពានច្បាប់ប្រឆាំងការទុកចិត្តរបស់សហព័ន្ធ»។

លោកបានបន្ថែមថា «យើងចោទប្រកាន់ថា Apple បានប្រើប្រាស់យុទ្ធសាស្រ្តដែលពឹងផ្អែកលើការមិនរាប់បញ្ចូល និងអាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែង ដែលប៉ះពាល់ទាំងអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី»។ លើសពីនេះ អ្នកប្រើប្រាស់ អាយហ្វូន (iPhone) យល់ឃើញថា ស្មាតហ្វូនគូប្រជែងមានគុណភាពទាបជាង ដោយសារតែបទពិសោធន៍មិនល្អនៃការផ្ញើសារទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ ដែលមិនប្រើទូរស័ព្ទ iPhone។

បណ្តឹងប្រឆាំងនឹង Apple នេះគឺជាសកម្មភាពចុងក្រោយដែលធ្វើឡើងដោយអាជ្ញាធរប្រឆាំងការទុកចិត្តរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹង «ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងបួន» ដែលរួមមាន ក្រុមហ៊ុន Apple ក្រុមហ៊ុន អាម៉ាហ្សូន (Amazon) ក្រុមហ៊ុន ហ្វេសប៊ុន (Facebook) ដែលឥឡូវនេះមានឈ្មោះថា មេតា (Meta) និងក្រុមហ៊ុន ហ្គូហ្គល (Google)៕