អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនកំពុងពិចារណាចាប់ផ្តើមកិច្ចពិភាក្សាដែនសមុទ្រជាមួយអូស្ត្រាលី ស្របពេលភាពតានតឹងកើនឡើងក្នុងចំណោមប្រទេសជាច្រើនដែលជាប់ព្រំដែនសមុទ្រចិនខាងត្បូង គំរាមកំហែងដល់សន្តិសុខក្នុងតំបន់។

ក្រសួងខាងលើបានប្រកាសពីកិច្ចពិភាក្សានៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលបានជួបសមភាគីរបស់លោក និងមេដឹកនាំផ្សេងទៀតនៃប្រទេសនេះក្នុងសប្តាហ៍នេះដែរ ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងការខ្វែងគំនិតគ្នាលើសន្តិសុខក្នុងតំបន់។

អូស្ត្រាលី និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន កំពុងកសាងទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងបានធ្លាក់ចុះដុនដាបខ្លាំង កាលពីឆ្នាំ២០២០ នៅពេលទីក្រុងកង់បេរ៉ា(Canberra) អំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមវីរុស COVID-19 ហើយទីក្រុងប៉េកាំងបានឆ្លើយតបវិញដោយការដាក់របាំងពាណិជ្ជកម្ម។
របាំងភាគច្រើនត្រូវបានដកចេញ ចាប់តាំងពីមានការផ្លាស់ប្តូររដ្ឋាភិបាលអូស្ត្រាលីកាលពីពីរឆ្នាំមុន។

បញ្ហាដែនសមុទ្រគឺជាប្រធានបទដ៏ក្តៅគគុករវាងចិន និងអូស្ត្រាលី ស្របពេលមានការប្រឈមមុខគ្នាកាន់តែខ្លាំងឡើងនៅក្នុងផ្លូវទឹកសេដ្ឋកិច្ចដ៏សំខាន់ដែលចិនអះអាងសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុង ទោះបីជាមានការអះអាងសិទ្ធិគ្រប់គ្រងត្រួតស៊ីគ្នាដោយបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ជាច្រើនក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរនៃដំណើរទស្សនកិច្ចនេះថា ភាគីទាំងពីរបានយល់ព្រមក្នុងការស្តារ និងបង្កើតការសន្ទនាក្នុងវិស័យផ្សេងៗ ដោយបន្ថែមថា ភាគីទាំង២ក៏កំពុងពិចារណា រៀបចំកិច្ចពិភាក្សាស្ដីពីបញ្ហាដែនសមុទ្រផងដែរ៕