ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ២៤ មីនា ២០២៤ ក្រោមប្រធានបទ «មែនហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន»។

ទិវានេះប្រារព្ធឡើងនៅវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ស្តីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងវិស័យសុខាភិបាល និងជាពិសេសកម្មវិធីឆ្លើយតបនឹងជំងឺរបេង លោកស្រីវេជ្ជបណ្ឌិត Janna Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ។

ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្ត ទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឲ្យបានកាន់តែ ទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់អំពីទំហំនៃបញ្ហា និង ផលវិបាក នៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គមផលវិបាក នៃជំងឺរបេងសំដៅចូលរួមចំណែក ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុច សេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អ នឹងមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាគឺ អាស្រ័យលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗ ដែលជាអនាគតរបស់ប្រទេស។ ម៉្យាងវិញទៀត ក្រសួងសុខាភិបាលបាន និងកំពុងចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើក កម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី លើកឡើងថា ប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ឲ្យពិភពលោកទាំងមូលឲ្យមានជំនឿយ៉ាងមុតមាំថា យើងទាំងអស់អាចបញ្ចប់ជំងឺរបេងបានដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឲ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប។ ដើម្បីឆ្លើយតបនឹងប្រធានបទនេះ សូមស្នើឱ្យកម្មវិធីជាតិកម្ចាត់រោគរបេង អង្គការដៃគូទាំងអស់ សង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ ក្រោមជាតិ និងប្រជាពលរដ្ឋត្រូវបន្តខិតខំ យកចិត្តទុកដាក់លើការងារអាទិភាព មួយចំនួនរួមមាន៖ ទី១-បង្កើនល្បឿនអនុវត្តការងារកំចាត់រោគរបេង តាមផែនការជាតិ និងសកលលោក។ ទី២-ខិតខំបន្ថែមទៀតក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេង រាប់បញ្ចូល ទាំងសកម្មភាពស្រាវជ្រាវរក ជំងឺរបេងតាមបែបសកម្ម និងពាក់កណ្តាល សកម្មនៅតាមសហគមន៍ និងវត្តអារាម។ ទី៣-បន្តថែរក្សាឲ្យបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង លើសពី៩០%។ ទី៤- ខិតខំកៀរគរធនធានបន្ថែមទៀតពីគ្រប់ប្រភព សម្រាប់បម្រើឲ្យការងារប្រយុទ្ធជំងឺរបេង។

បើតាមលោក ជួប សុខចំរើន ប្រធានគម្រោងខំមីត និងជានាយកប្រតិបតិ្តអង្គការKHANA តំណាងអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងកម្មវិធីរបេង បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ អង្គការខាណា និងដៃគូបីផ្សេងទៀត បានគ្របដណ្តប់ក្នុងស្រុកប្រតិបតិ្តចំនួនដប់បួន រួមមាន៖ ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកកោះសូទិន នៃខេត្តកំពង់ចាម, ស្រុកអូរររាំឪ ក្រុងសួង នៃខេត្តត្បូងឃ្មុំ, ស្រុកលើកដែក ស្រុកស្អាង ស្រុកមុខកំពូល ស្រុកល្វាឯម នៃខេត្តកណ្តាល, ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ, ស្រុកស្រែអំបិល នៃខេត្តកោះកុង និងស្រុកបរកែវ ខេត្តរតនគិរី។ ដោយឡែកក្នុងឆ្នាំ២០២៤នេះ គម្រោងបានពង្រីកគ្របដណ្តប់ ស្រុកប្រតិបតិ្តចំនួន ១៣បន្ថែមទៀត។ ក៏ប៉ុន្តែបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ក្នុងឆ្នាំ២០២៣ គឺមានអ្នកជំងឺរបេងគ្រប់សណ្ឋានតែប្រមាណ ៣២២៨៦នាក់ ឬ ៦០% បានធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាល ក្នុងចំណោមអ្នកជំងឺរបេងប៉ាន់ស្មានដោយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០២២ ដែលមានប្រមាណ ៥៤០០០នាក់ ឬអត្រាអាំងស៊ីដង់ ៣២០នាក់ក្នុងចំណោមប្រជាជន ១០០ ០០០នាក់។ តាមតួ លេខនេះ គឺថាពលរដ្ឋប្រមាណ៤០%ដទៃផ្សេងទៀតដែលមានជំងឺរបេង ជាពិសេសអ្នកដែលមានជំងឺរបេង សួតសកម្ម បាន និងកំពុងបន្តរស់នៅក្នុងសហគមន៍ និងបន្តចម្លងនិងរីករាលដាលនៃជំងឺនេះនៅក្នុងគ្រួសារ របស់គេ និងសហគមន៍របស់គេ។ ដូច្នេះដើម្បីរួមចំណែកឆ្ពោះទៅសម្រេចបាននូវចំណុចដៅនៃសូចនាករណ៍ ខាងលើក្នុងបីឆ្នាំខាងមុខ ទាមទារនូវការបន្តធ្វើការរួមគ្នាជាពហុវិស័យឆ្លើយតបនឹងជំងឺរបេងនៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ដោយមានការវិនិយោគបន្ថែមនូវធនធានហិរញ្ញវត្ថុ ពង្រីកនូវការប្រើប្រាស់ ឧបករណ៍ទំនើបសម្រាប់ធ្វើរោគវិនិច្ឆ័យ ដូចជាម៉ាស៊ីនជិនអិចស្ពឺត និងការដាក់អោយអនុវត្តន៍នូវការព្យាបាល ថ្មីៗ ដែលមានរយៈពេលខ្លី ទាំងការព្យាបាលជំងឺរបេងកបថ្នាំ និងស៊ាំថ្នាំ ការព្យាបាលជំងឺរបេងបង្ការតាមអនុ សាសន៍របស់អង្គការសុខភាពពិភពលោក និងផ្តល់ការគាំទ្រដល់គ្រួសារ និងអ្នកជំងឺរបេងទទួលបាននូវការ គាំទ្រសង្គម រហូតដល់ពួកគេបញ្ចប់ការព្យាបាល និងព្យាបាលជាសះស្បើយ៕ អត្ថបទ៖ រដ្ឋា








