ក្រសួងពាណិជ្ជកម្ម គាំទ្រ និងជំរុញលើកទឹកចិត្តដល់ការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា តាមរយៈការជំរុញពង្រីកទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារអន្តរជាតិ។

លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកម្មវិធីបើកសម្ពោធ ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ និងការបើកសម្ពោធជាផ្លូវការ នៃកម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ លើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះថា ពាក់ព័ន្ធគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ ក្រសួងពាណិជ្ជកម្ម តែងតែគាំទ្រ និងជំរុញលើកទឹកចិត្តការធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា តាមរយៈការចូលរួមរៀបចំបង្កើតសមាគមនេះឡើង និងបន្តគាំទ្រសហការជាមួយសមាគម ដោយប្រមូលកៀរគរផលិតករ អាជីវករ និងគ្រប់ភាគីភាគព័ន្ធក្នុងវិស័យគ្រឿងអលង្ការទាំងអស់ ឲ្យក្លាយទៅជាតួអង្គតែមួយប្រមូលផ្តុំនិងលើកទឹកចិត្តឲ្យមានគំនិតច្នៃប្រឌិត ដើម្បីអភិវឌ្ឍន៍លើវិស័យគ្រឿងអលង្ការ និងទាំងការរចនាម៉ូត ការធ្វើពិពិធកម្មទីផ្សារ ដើម្បីជួយរាជរដ្ឋាភិបាលបើកច្រកសេដ្ឋកិច្ចសម្រាប់វិស័យនេះ និងបានចូលរួមចំណែកក្នុងការយករូបិយប័ណ្ណបរទេសមកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។

លោកជំទាវ បន្តថា ទំហំទីផ្សារនៃផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា បានកំពុងតែបន្តរីកចម្រើនកាន់តែធំឡើងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងនោះសម្រាប់គោលបំណងនៃក្រសួងពាណិជ្ជកម្មចំពោះវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ គឺមិនត្រឹមតែចង់ពង្រីកទីផ្សារក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលដៅក្នុងការពង្រីកទីផ្សារអន្តរជាតិ សម្រាប់ទំនិញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ដែលផលិតនៅកម្ពុជាផងដែរ ដើម្បីបង្កើនឱកាសទីផ្សារ និងកាលានុវត្តភាព សម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ នៅក្នុងវិស័យនេះ។

ចំណែក, លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងផងដែរថា គ្រឿងអលង្ការ និងត្បូង មានការអភិវឌ្ឍយ៉ាងខ្លាំងនូវផលិតផលដ៏មានតម្លៃនេះ ក្នុងការកែច្នៃជាច្រើនម៉ូតជាច្រើនទម្រង មានក្បាច់ក្បូររចនាយ៉ាងប្រណិត ដើម្បីប្រកួតប្រជែងលើទីផ្សារ ដោយយើងសម្លឹងទៅមើលការច្នៃគ្រឿងអលង្ការ និងត្បូងកាលពីសម័យមុន មានក្បាច់ទៅតាមសម័យកាលនោះ, ប៉ុន្តែសម័យកាលបច្ចុប្បន្ននេះ បងប្អូនខ្មែរយើង ជាពិសេសជាងទង (ជាងមាស) មានជំនាញយ៉ាងខ្លាំងក្នុងការរចនាម៉ូតរបស់គ្រឿងអលង្ការ ទោះបីជាក្បាច់នោះពិបាកក្នុងការរចនាយ៉ាងណាក្តី គឺគាត់អាចច្នៃបាន មិនថាគ្រឿងអលង្ការជា មាស ផ្លាកទីន ស្ពាន ឬត្បូងថ្មឡើយ។

លោកបន្តថា បច្ចុប្បន្នយើងសង្កេតឃើញថា គ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា មានសន្ទុះយ៉ាងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក ម្យ៉ាងទៀតនៅពេលការដាក់តាំងបង្ហាញនៅតាមបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសឥណ្ឌា ថៃ ចិន ក្នុងទីក្រុងហុងកុង ប្រទេសសិង្ហបុរី និងប្រទេសមួយចំនួនទៀតក្នុងទ្វីបអាស៊ី រួមបញ្ជូលទាំងទ្វីបអឺរ៉ុប ដែលជាដៃគូរបស់ប្រទេសកម្ពុជាយើង គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវការរចនាច្នៃម៉ូតក្បាច់ក្បូរពីស្នាដៃរបស់បងប្អូនខ្មែរយើង។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៌នេះ មានការចូលរួមពីក្រុមហ៊ុនក្នុង និងក្រៅប្រទេសដូចជា ក្រុមហ៊ុនកម្ពុជា ចិន ឥណ្ឌា អ៊ីតាលី ជប៉ុន ថៃ និងវៀតណាមជាដើម ព្រមទាំងមានការដាក់តាំងបង្ហាញលក់គ្រឿងអលង្ការ ត្បូងមានតម្លៃ គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មី សម្រាប់កែច្នៃគ្រឿងអលង្ការ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី









