សហព័ន្ធអន្តរជាតិកាកបាទក្រហម ហៅកាត់ថា IFRC បានព្រមានថា ប្រទេសម៉ុងហ្គោលី កំពុងជួបប្រទះសីតុណ្ហភាព ចុះត្រជាក់ខ្លាំងក្នុងរដូវរងាដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួនក្នុងរយៈពេលកន្លះសតវត្សរ៍ ដោយបានសម្លាប់សត្វជាង ៤,៧ លានក្បាល និងគំរាមកំហែងដល់ជីវភាពរស់នៅ និងការផ្គត់ផ្គង់ស្បៀងអាហាររបស់មនុស្សរាប់ពាន់នាក់។

ស្ថានភាព ដែលគេស្គាល់ថាជាស្ថានភាពអាកាសធាតុធ្ងន់ធ្ងររដូវរងា ត្រូវបានកំណត់លក្ខណៈដោយសីតុណ្ហភាពធ្លាក់ចុះ និងព្រិលធ្លាក់ក្រាស់ៗ និងទឹកកក ដែលគ្របដណ្តប់តំបន់វាលស្មៅ និងកាត់ផ្តាច់លទ្ធភាពទទួលបានចំណីអាហារសម្រាប់បសុសត្វ។
ប្រជាជនម៉ុងហ្គោលីប្រហែល ៣សែន នាក់ គឺជាអ្នកចិញ្ចឹមសត្វតាមបែបប្រពៃណី ហើយពឹងផ្អែកលើគោ ក្របី ពពែ និងសេះ សម្រាប់ធ្វើជាអាហារ និងលក់នៅទីផ្សារ។

លោកអាឡិចសាន់ឌ័រ ម៉ាទីវ (Alexander Matheou) នាយកប្រចាំតំបន់របស់សហព័ន្ធអន្តរជាតិកាកបាទក្រហម ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ថា សម្រាប់ប្រជាជនទាំងនោះដែលពឹងផ្អែកទាំងស្រុងលើសត្វចិញ្ចឹមរបស់ពួកគេដើម្បីរស់រានមានជីវិត ពួកគេបានក្លាយទៅជាទុរគតជនក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ ឥឡូវនេះពួកគេមួយចំនួនលែងអាចចិញ្ចឹមខ្លួនឯងបាន ឬកំដៅផ្ទះរបស់ពួកគេបានទៀតហើយ។

យោងតាម IFRC បានឱ្យដឹងថា ចាប់តាំងពីខែវិច្ឆិកាមក យ៉ាងហោចណាស់ គ្រួសារអ្នកចិញ្ចឹមសត្វចំនួន២.២៥០ គ្រួសារ បានបាត់បង់សត្វចិញ្ចឹមរបស់ពួកគេច្រើនជាង ៧០% ។ អង្គការនេះបានបន្ថែមទៀតថា បច្ចុប្បន្ននេះមានមនុស្សជាង ៧ ពាន់គ្រួសារគ្មានអាហារទទួលទានគ្រប់គ្រាន់។
ស្ថានភាពរដូវរងារដ៏ធ្ងន់ធ្ងរ បានប៉ះពាល់ដល់បីភាគបួននៃប្រទេសនេះ ប៉ុន្តែស្ថានភាពដ៏លំបាកនេះ ត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរថែមទៀត ខណៈដែលរដូវរងានៅតែបន្ត៕