មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា កម្មករនិយោជិតរបស់រោងចក្រ Y&W ហ្គាមេន រងគ្រោះដោយសារថៅកែរត់ចោល និងកម្មកររោងចក្រ RG Footwear (Cambodia) រងគ្រោះដោយសារអគ្គិភ័យ គិតមកដល់ពេលនេះ កម្មករនិយោជិតជាច្រើននាក់ហើយ ទទួលបានឱកាសការងារថ្មីធ្វើ និងរង់ចាំដំណោះស្រាយជាបន្តបន្ទាប់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា នៅក្រោយមានបញ្ហាកើតឡើងចំពោះកម្មក កម្មការិនីរោងចក្រទាំងនេះ ក្រសួងបានបញ្ជូនមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ចុះទៅប្រចាំការនៅតំបន់ និងក្បែរការរស់នៅរបស់កម្មករ ធ្វើយ៉ាងណាផ្តល់ឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់កម្មករនិយោជិតនៅក្នុងរោងចក្រ ដែលអត់ការងារធ្វើ។ ដោយឡែក ចំពោះកម្មកររោងចក្រ RG Footwear ដែលរងហានិភ័យដោយសារអគ្គិភ័យ ឯកឧត្តម បានបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានបញ្ជូនមជ្ឈមណ្ឌលចល័ត ដើម្បីទៅកាន់ទីនោះ ក្នុងការផ្តល់ព័ត៌មានអំពីឱកាសការងារថ្មីៗ សម្រាប់កម្មករដែលចង់ស្វែងរកការងារថ្មី ពោលគឺផ្តល់ភាពងាយស្រួលដល់ពួកគេរហូតជាង ៨ពាន់កន្លែងឯណោះ។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា យល់ឃើញថា ការងារខាងលើនេះ បង្ហាញឲ្យឃើថា រដ្ឋាភិបាលពិតជាមានការយកចិត្តទុកដាក់ខ្លាំងណាស់ទៅកាន់កម្មករនិយោជិត ជាពិសេសកម្មករដែលកំពុងជួបបញ្ហា និងត្រូវការជំនួយបន្ទាន់បែបនេះ ដើម្បីមានប្រាក់ចំណូលទៀងទាត់ សម្រាប់ផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃក្នុងការរស់នៅរបស់ពួកគាត់ ក៏ដូចជាក្រុមគ្រួសារទាំងមូល។
គួរបញ្ជាក់ថា ដើម្បីជួយសម្រាលទុក្ខលំបាករបស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា សម្រាប់អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ កម្មករនិយោជិតនៅតែទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ជាធម្មតា។ ទន្ទឹមនេះ ក្រសួងការងារ បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីកម្មករនិយោជិតចង់ស្វែងរកការងារ អាចចាប់យកឱកាសការងារថ្មីតាមរយៈមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។ ក្រសួងការងារ ក៏នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្រ្តីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនកម្មករនិយោជិតនៅម្តុំរោងចក្រតែម្តង ដើម្បីឲ្យកម្មករទទួលបានឱកាសការងារជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែលកម្មករនិយោជិតរស់នៅស្រាប់៕ អត្ថបទ៖ ឈិត បូរ៉ាវី



