ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចដកតំណែងរដ្ឋលេខាធិការម្នាក់ បន្ទាប់ពីបានសរសេរសារ«ផ្ចាញ់ផ្ចាល»ចំពោះសពមន្ត្រីជាន់ខ្ពស់រូបដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីសេចក្ដីសម្រេចចិត្តរបស់សម្ដេចបែបនេះនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនៅរសៀលថ្ងៃសុក្រនេះ។
សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ថា ៖ «ខ្ញុំមិនអាចទុកលោក ឌុច សុវណ្ណរី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនស័ក្កិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»។
លោក ឌុច សុវណ្ណរី គឺជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មុននឹងសម្ដេចសម្រេចដកលោកពីតំណែង។
សម្ដេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចបែបនេះ បន្ទាប់ពីលោក ឌុច សុវណ្ណរី បានសរសេរសារនៅលើហ្វេសប៊ុក ដែលសម្ដេចចាត់ទុកជាសារផ្ចាញ់ផ្ចាលចំពោះសពលោក ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកក្កដា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក ហុង ថែម គឺជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩៕
