ការគាំទ្រសម្រាប់ក្រុមហាម៉ាសជាគណបក្សនយោបាយមួយ បានធ្លាក់ចុះដល់ ៣៤ភាគរយ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ជាការធ្លាក់ចុះ ១២ពិន្ទុ ពីខែធ្នូ ឆ្នាំ២០២៣ នេះបើយោងតាមការស្ទង់មតិដែលចេញផ្សាយកាលពីថ្ងៃពុធ ដោយវិទ្យាស្ថានស្រាវជ្រាវប៉ាឡេស្ទីនឈានមុខគេមួយ។

ខណៈពេលដែលសង្រ្គាម កំពុងបំផ្លាញទស្សនៈរបស់ជនជាតិប៉ាឡេស្ទីនចំពោះក្រុមហាម៉ាស ជាស្ថាប័នគ្រប់គ្រងនៅតំបន់ហ្កាហ្សា ការគាំទ្រជាក់ស្តែងនៅតែមានកម្រិតខ្ពស់សម្រាប់តួនាទីរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងសង្គ្រាម។ ចំនួន៧០ភាគរយនៃប្រជាជនប៉ាឡេស្ទីន បាននិយាយថា ពួកគេ «ពេញចិត្ត»នឹងការធ្វើសង្រ្គាមរបស់ហាម៉ាស បើប្រៀបធៀបទៅនឹងអង្គភាពប៉ាឡេស្ទីនផ្សេងទៀត ដូចជាគូប្រជែងនយោបាយរបស់ខ្លួនគឺFatah ដែលមេដឹកនាំដែលពុំមានប្រជាប្រិយភាពគឺ លោកម៉ាខ្មូដ អាបាស(Mahmoud Abbas) គ្រប់គ្រងតំបន់វេសបែង។

ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស បានបង្កឲ្យមានសង្គ្រាមជាមួយអ៊ីស្រាអែល ដែលរហូតមកទល់ពេលនេះ បានសម្លាប់មនុស្សជាង ៣១.000នាក់ នៅតំបន់ហ្កាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលនៃដែនដីនេះ។

ការស្ទង់មតិ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីថ្ងៃទី៥ ខែមីនាដល់ថ្ងៃទី១០ ខែមីនា នៅដើមខែទី៥ នៃសង្គ្រាមដែលមានទំហំគំរូអ្នកបោះឆ្នោតសរុប១៥៨០នាក់ គឺ៨៣០នាក់នៃអ្នកដែលបានបោះឆ្នោត រស់នៅក្នុងតំបន់វេសបែង និង៧៥០នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងស្រាវជ្រាវស្ទង់មតិប៉ាឡេស្ទីន (PSR) ជាអង្គការស្ទង់មតិឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា ដែលមានអ្នកស្ទង់មតិជាច្រើនន នៅទូទាំងតំបន់ហ្កាហ្សា។ មជ្ឈមណ្ឌលនេះ បានធ្វើការស្ទង់មតិសាធារណៈ នៅក្នុងទឹកដីប៉ាឡេស្ទីនរៀងរាល់ត្រីមាស ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។
ក្នុងអំឡុងពេលឈានទៅដល់ការស្ទង់មតិនេះ កងកម្លាំងអ៊ីស្រាអែល បានឈានទៅដល់កណ្តាលតំបន់ហ្កា ហ្សា ការភ័យខ្លាចមានកម្រិតខ្ពស់នៃការលុកលុយយោធាចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូង ដែលមានប្រជាជនប្រហែល១,៥លាននាក់ កំពុងជ្រកកោន ហើយវិបត្តិមនុស្សធម៌ បានឈានដល់កម្រិតទាបថ្មី ខណៈដែលអ្នកដែលងាយរងគ្រោះបំផុត បានចាប់ផ្តើមស្លាប់ដោយការស្រេកឃ្លាន និងការចរចាសុំបទឈប់បាញ់មួយមុនខែរ៉ាម៉ាដាន កំពុងផ្ទុះឡើង ប៉ុន្តែនៅតែផ្តល់នូវក្តីសង្ឃឹមមិនច្បាស់លាស់។