រុស្ស៊ី បានអះអាងថា បានវាយប្រហារទៅលើមជ្ឈមណ្ឌលទីបញ្ជាការយោធារបស់អ៊ុយក្រែន និងស្ទាក់ចាប់បានគ្រាប់រ៉ុក្កែតអ៊ុយក្រែនជាច្រើនគ្រាប់ និងយានដ្រូនជាច្រើនគ្រឿង ខណៈអ៊ុយក្រែន បាននិយាយនៅថ្ងៃតែមួយនេះថា ខ្លួនបានវាយប្រហារប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី និងទីតាំងយោធាផ្សេងទៀត។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី បានវាយរុញច្រានការវាយលុករបស់អ៊ុយក្រែននៅក្រុង Kupyansk, Donetsk, Avdiivka និងគោលដៅផ្សេងទៀត ហើយបានបើកការវាយប្រហារលើមជ្ឈមណ្ឌលទីបញ្ជាការយោធាអ៊ុយក្រែន មូលដ្ឋានផ្គត់ផ្គង់ដឹកជញ្ជូន និងទីតាំងដាក់ពង្រាយសម្ភារៈផ្គត់ផ្គង់បណ្តោះអាសន្ន។

យោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថា រុស្ស៊ី បានរាយការណ៍ពីការរឹបអូសបានស្ថានីយ៍រថភ្លើងមួយក្នុងតំបន់ Donetsk និងភូមិមួយទៀត នៅជិតទីក្រុង Avdiivka ។
កាលពីថ្ងៃព្រហស្បតិ៍ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានស្នើថា បណ្តាប្រទេសសហភាពអឺរ៉ុប គួរតែប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏បានស្នើឱ្យប្រើប្រាស់ ៩០ ភាគរយនៃមូលនិធិទាំងនេះ សម្រាប់គោលបំណងដូចគ្នានេះដែរ។

បន្ទាប់ពីសំណើរបស់ លោក Borrell អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងប្រើប្រាស់យន្តការផ្លូវច្បាប់ដែលមានទាំងអស់ ហើយនឹងសងសឹក ប្រសិនបើសហភាពអឺរ៉ុប មានចំណាត់ការឈានទៅរកផែនការប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន។