មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) បានអនុម័តការត្រួតពិនិត្យលើកទីបីនៃកម្មវិធីប្រាក់កម្ចីចំនួន ១៥,៦ ពាន់លានដុល្លាររបស់អ៊ុយក្រែន ដែលអនុញ្ញាតឱ្យបញ្ចេញទឹកប្រាក់ចំនួន ៨៨០ លានដុល្លារសម្រាប់ជំនួយថវិកា ហើយនាំមកនូវការបញ្ចេញសរុបដល់ចំនួន ៥,៤ ពាន់លានដុល្លារ។

ស្ថាប័នផ្តល់ប្រាក់កម្ចីសកលមួយនេះបាននិយាយថា ហានិភ័យដែលប្រឈមមុខនឹងអ៊ុយក្រែននៅតែមានកម្រិតខ្ពស់ ជាពិសេសភាពមិនប្រាកដប្រជាជុំវិញសង្រ្គាមជាមួយរុស្ស៊ី និងការរំពឹងទុកសម្រាប់ហិរញ្ញវត្ថុពីខាងក្រៅ ខណៈប្រធានបេសកកម្មអ៊ុយក្រែន លោក ហ្កាវីន ហ្រ្កេ (Gavin Gray) បាននិយាយថា មូលនិធិនេះនៅតែរំពឹងថាសង្រ្គាមនៅអ៊ុយក្រែន នឹងចុះខ្សោយនៅចុងឆ្នាំ២០២៤ នេះ។
លោក ហ្រ្កេ បានប្រាប់អ្នកយកព័ត៌មានថា លទ្ធផលការងារជារួមរបស់អ៊ុយក្រែន លើកម្មវិធី «មូលនិធិពង្រីកបន្ថែម» របស់ខ្លួនជាមួយ IMF នៅតែរឹងមាំជាងឆ្នាំដំបូងរបស់ខ្លួន ហើយទីក្រុងគីវ បានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃការអនុវត្តបរិមាណទាំងអស់ លើកលែងតែការខកខានទាក់ទងនឹងចំណូលពន្ធ ប៉ុន្តែពាក់ព័ន្ធនឹងចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ។

IMF បាននិយាយថាកម្មវិធីប្រាក់កម្ចីរបស់ខ្លួនបានបន្តផ្តល់យុថ្កាដ៏រឹងមាំសម្រាប់កម្មវិធីសេដ្ឋកិច្ចរបស់អ៊ុយក្រែន ដែលនៅតែដើរទៅមុខ ទោះបីជាមានស្ថានភាពលំបាកខ្លាំងដោយសារតែសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទីបីរបស់ខ្លួនក៏ដោយ៕