
ប្រេសិតពិសេសរបស់ចិន ទទួលបន្ទុកកិច្ចការអាស៊ីអឺរ៉ុប បាននិយាយនៅថ្ងៃសុក្រ (២២ មីនា) នេះថា ទាំងរុស្ស៊ី និងអ៊ុយក្រែន ជឿជាក់ថាជម្លោះនេះនឹងបញ្ចប់ដោយការចរចា បើទោះបីជាភាគីដែលកំពុងធ្វើសង្គ្រាមមើលឃើញខុសគ្នាលើការរំពឹងទុកនៃកិច្ចចរចាសន្តិភាព ហើយមានភាពរឹងរូសក្នុងជំហររបស់ពួកគេក៏ដោយ។
ប្រេសិតចិន លោក លី ហួយ (Li Hui) បានព្រមានក្រុមអ្នកការទូត និងអ្នកសារព័ត៌មានជុំវិញដំណើរការទូតចុងក្រោយរបស់ខ្លួនទៅកាន់ទីក្រុងមូស្គូ ទីក្រុងគីវ និងរដ្ឋធានីអឺរ៉ុបមួយចំនួនថា ហានិភ័យនៃសង្គ្រាមនឹងកើនឡើងបន្ថែមទៀត។
លោក លី បាននិយាយថា «ភាគីទាំងអស់ទទូចលើគោលជំហររបស់ពួកគេ ហើយមានគម្លាតដ៏ធំមួយក្នុងការចរចាសន្តិភាព ប៉ុន្តែទាំងអស់គ្នាយល់ស្របថា នៅទីបំផុត ការចរចានឹងបញ្ចប់សង្រ្គាមនេះ មិនមែនការប្រើអាវុធទេ»។
លោក លី បាននិយាយថា រុស្ស៊ី កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ចិន នៅក្នុងជុំចុងក្រោយនៃការទូតរបស់ខ្លួន ដែលបាននាំលោកទៅកាន់ប្រទេសអាល្លឺម៉ង់ បារាំង និងប៉ូឡូញក្នុងខែនេះ ខណៈដែលអ៊ុយក្រែនបានចាត់ទុកដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកថាមានសារៈសំខាន់។
ប្រទេសចិន និងរុស្ស៊ី បានបង្កើនភាពជាដៃគូ «គ្មានដែនកំណត់» របស់ពួកគេមុនពេលសង្រ្គាមផ្ទុះឡើងនៅដើមឆ្នាំ២០២២ ហើយទីក្រុងប៉េកាំង បានបដិសេធពីការថ្កោលទោសវិមានក្រឹមឡាំងចំពោះការឈ្លានពាននេះ។ យ៉ាងណាក៏ដោយ មន្ត្រីអ៊ុយក្រែនមួយចំនួនបាននិយាយថា ទីក្រុងប៉េកាំង ត្រូវតែចូលរួមនៅក្នុងកិច្ចពិភាក្សាដើម្បីបញ្ចប់អំពើហិង្សា៕